Child Safe Tourism

July 31, 2014

ការ​បញ្ចប់​ការងារ​របស់​​ផ្នែក​បង្ការ​នៃ​​គម្រោង​កុមារភាព

បន្ទាប់​ពី​ការធ្វើសកម្មភាព​យ៉ាង​ខ្លាំងក្លា​អស់រយៈពេល ៣៤ ខែ​កន្លងមក ក្រុម​ការងារ​​ផ្នែក​បង្ការ​របស់គម្រោង​កុមារភាព​​ក៏​បានឈាន​មក​ដល់​ទី​បញ្ចប់។

ផ្នែក​បង្ការ​របស់​គម្រោង​កុមារភាព គឺជា​ការផ្តួចផ្តើម​គំនិត​របស់​រដ្ឋាភិបាល​អូស្រា្តលី​ ដើម្បី​​ចូលរួម​វិភាគទាន​ក្នុង​ការទប់ស្កាត់​ការរំលោភបំពាន​ផ្លូវភេទ​កុមារ ក្នុង​ការធ្វើដំណើរ និង​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។ គម្រោង​នេះ​បានបញ្ចប់​នៅ​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៤។

បើគិត​លើ​លំហូរ​ទេសចរណ៍​ដែល​កើនឡើង​ឥត​ឈប់ឈរ​មកកាន់​តំបន់ មាន​ហានីភ័យ​ភ្ជាប់​មក​ជាមួយ​កំណើន​នេះ​សម្រាប់​កុមារ។ អ្នកអាច​សិក្សា​បន្ថែម​អំពី​ចំណង​ទាក់ទង​រវាង​វិស័យ​ទេសចរណ៍ និ​ងការកេងប្រវ័ញ្ច​លើ​កុមារនៅទីនេះ។ ក្នុង​អំឡុង​ពីរ​ទសវត្សរ៍​កន្លង​មកនេះ មាន​ការងារ​ជាច្រើន​​ត្រូវបាន​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការកេងប្រវ័ញ្ច​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​ផ្នែក​បង្ការ​នៃ​គម្រោង​កុមារភាព​មាន​ឱកាស​ជាពិសេស​ដើម្បី​ធ្វើ​អន្តរាគមន៍​ទៅដល់​កម្រិត​ថ្មី​មួយទៀត។

ក្នុង​កិច្ចសហការ​ជាមួយ​ដៃគូ ​សមាជិក​ក្រុមការងារ​ទាំង ១៦ រូប​របស់​ផ្នែក​បង្ការនៃ​​គម្រោង​​កុមារភាព៖

  • បាន​អភិវឌ្ឍ និង​អនុវត្ត​​ការផ្តួចផ្តើម​គំនិត​ថ្មី​លើ​យុទ្ធនាការ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​បាន​ទៅដល់​មនុស្ស​ជាង ១៥ លាន​នាក់ ​​នៅ​ទូទាំង​សកលលោក។ ពេលនេះ​អ្នកធ្វើដំណើរ​មានលទ្ធភាព​ទទួល​បាន​ព័ត៌មាន​ស្តី​សកម្មភាព​ងាយៗ​ដែល​ពួកគេ​អាចធ្វើបាន​ ដើម្បី​ធានា​ថា​ការធ្វើដំណើរ​របស់​ពួកគេ​ជះឥទ្ធិពល​ជាវិជ្ជមាន​លើ​កុមារ។
  • អប់រំ និង​ផ្តល់​ភាព​អង់អាច​ដល់​កុមារ និង​មនុស្ស​វ័យក្មេង​ជាង ១៣ ០០០ នាក់​ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម អំពី​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការទទួល​បាន​ការការពារ​ពីគ្រោះថ្នាក់ របៀប​រក្សា​សុវត្ថិភាព ការប៉ះពាល់​ដែល​មាន​​សុវត្ថិភាព និង​មិនមាន​សុវត្ថិភាព និង​អ្វី​ដែល​ត្រូវ​ធ្វើ​ប្រសិន​បើ​ពួកគេ​មាន​អារម្មណ៍​មិនស្រួល ឬ​ជួប​ប្រទះ​ការរំលោភ​បំពាន។
  • សម្របសម្រួល​វេទិកា​​ការពិភាក្សា​ជាមួយ​ឪពុកម្តាយ/​អ្នក​មើលថែ និង​អ្នក​តំណាង​សហគមន៍​ជាង ៨ ០០០ នាក់ (ដូចជា គ្រូ​បង្រៀន អ្នកសង្គមកិច្ច ថ្នាក់​ដឹកនាំ​ភូមិ។ល។) ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ ដោយបាន​ជួយ​ពួកគេ​ឲ្យ​យល់អំពី​ហានីភ័យ​នៃ​ការរំលោភ​បំពាន​ផ្លូវភេទ​កុមារ​ ព្រមទាំង​តួនាទី​របស់​ពួកគេ​ក្នុង​ការទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​ករណី។
  • ចូលទៅ​ដល់​កុមារ និង​មនុស្ស​ធំ ២០ ០០០ នាក់​បន្ថែម​ទៀត តាមរយៈ​បណ្តាញ​មិត្ត​ជួយ​មិត្ត​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​កម្មវិធី​ “អប់រំ​កំសាន្ត” ក្នុង​ប្រទេស​វៀតណាម ដែល​បាន​លើក​កម្ពស់​ការយល់ដឹង​ស្តីពី​ការទប់ស្កាត់​ការរំលោភ​បំពាន​ផ្លូវភេទ​កុមារ។
  • គាំទ្រ​បណ្តាញ​ទូរស័ព្ទ​ជំនួយ​សម្រាប់​កុមារ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ដោយ​បាន​ជួយជម្រុញ​កុមារ​រាប់ពាន់​នាក់​ឲ្យ​មាន​លទ្ធភាព​ទទួលបាន​ព័ត៌មាន​ដោយ​ឥត​គិតថ្លៃ រក្សា​ការសម្ងាត់ និង​ត្រឹមត្រូវ​ ដើម្បី​ជួយ​ពួកគេ​ពេល​​ពួកគេ​ត្រូវការ។
  • បណ្តុះបណ្តាល​មនុស្ស​ជាង ២ ៤០០ នាក់​ដែលធ្វើការ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ព្រមទាំង​ធ្វើជា​ដៃគូ​ជាមួយ​អ្នក​ផ្លាស់ប្តូរ​ស្ថានភាព​វិស័យ​ទេសចរណ៍​ដើម្បី​ដាក់​បញ្ចូល​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ទៅក្នុង​ការអនុវត្ត។
  • គាំទ្រ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរជាតិ​​ក្នុង​កិច្ច​ខិតខំ​ផ្នែក​ច្បាប់ និង​ផ្នែក​គោលនយោបាយ​របស់​ពួកគេ​ ដើម្បី​ពង្រឹង​សំណាញ់​សុវត្ថិភាព​សម្រាប់​កុមារ​ងាយ​រងគ្រោះ។
  • ធ្វើការ​ស្រាវជ្រាវ​ស៊ីជម្រៅ រួមទាំង​ការស្រាវជ្រាវ​​ជាមួយ​​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដោយ​បាន​បង្ហាញ​ឲ្យឃើញ​​អំពី​ទស្សនៈ​ថ្មីៗ​ស្តីពី​ការទប់ស្កាត់​ការរំលោភ​បំពាន​ផ្លូវភេទ​កុមារ ក៏​ដូចជា​ការស្រាវជ្រាវ​ទីផ្សារ​ជាមួយ​អ្នក​ធ្វើដំណើរ​ ដើម្បី​វាស់ស្ទង់​ចលនា​ពិភពលោក​ឆ្ពោះទៅរក​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍។

យើង​បានឃើញ​មនុស្ស និង​អង្គការ​​ប្រកប​ដោយ​ការប្តេជ្ញា​ចិត្ត​ជាច្រើន​ដែល​ប្រកាន់​យក​តួនាទី​របស់​ខ្លួន​ក្នុង​ការការពារ​កុមារ​នៅក្នុង​តំបន់។ ចំណុច​នេះ​ត្រូវបាន​បកស្រាយ​ទៅជា​ការផ្លាស់ប្តូរ​ជាក់ស្តែង​​ក្នុង​ជីវិត​របស់​កុមារ​ងាយរងគ្រោះ។ យើងខ្ញុំ​សូម​ថ្លែង​អំណរគុណ​អស់ពី​ដួង​ចិត្ត​ និង​សូម​អបអរ​សាទរ​​ចំពោះអ្នកសហការ និង​អ្នកគាំទ្រ​របស់​យើងខ្ញុំ។


​មាន​អ្វីខ្លះ​​ដែល​ត្រូវធ្វើ​បន្ទាប់ទៅទៀត?

  • សូម​ចុច Like យើង​ខ្ញុំ​នៅលើ Facebook និង​តាមដាន​ព័ត៌មាន​អំពីយើង​​​ខ្ញុំ​នៅលើ twitter ដើម្បី​ទទួល​បាន​ព័ត៌មាន​​ចុងក្រោយបំផុត​ស្តីអំពី​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍។
  • សិក្សា​បន្ថែម​អំពី​បញ្ហា​នានា​តាមរយៈ​ការអាន និង​ការចែករំលែកការស្រាវជ្រាវ​ជាមួយ​​អ្នក​ធ្វើដំណើរ​ និង​ជាមួយ​កុមារ ឪពុកម្តាយ និង​សមាជិក​សហគមន៍។
  • ទាញយកសម្ភារៈបណ្តុះបណ្តាល​​​របស់​យើងខ្ញុំ​​ដើម្បីអប់រំ​កុមារ ឪពុកម្តាយ និង​អ្នកថែទាំ ព្រមទាំង​អ្នកតំណាង​សហគមន៍​ស្តីអំពី​របៀប​ដើម្បី​ទប់ស្កាត់​ការរំលោភ​បំពាន​ផ្លូវភេទ​កុមារ។
  • ប្រសិន​បើ​អ្នកធ្វើការ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ សូម​ទាញ​យក​សម្ភារៈ​បណ្តុះបណ្តាល​​សម្រាប់​​វិស័យ​ទេសចរណ៍​របស់​យើង​ខ្ញុំ​ ដើម្បី​សិក្សា​បន្ថែមអំ​ពី​របៀប​ដែល​អ្នកអាច​ចូលរួម​វិភាគទាន​ចំពោះ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ ព្រមទាំង​បើកមើល​ផ្នែកឧស្សាហកម្ម sដើម្បី​ទទួលបាន​ប្រភព​ធនធាន​បន្ថែម​ទៀត។
  • សូម​ចងចាំ​អំពីសកម្មភាព​​សាមញ្ញៗ​ដែល​អ្នក​​អាចធ្វើបាន​ពេល​អ្នក​ធ្វើ​ដំណើរ ដើម្បី​ជួយ​រក្សា​សុវត្ថិភាព​កុមារ​នៅក្នុង​តំបន់គោលដៅ​ទេសចរណ៍។