Child Safe Tourism

March 11, 2013

បណ្តាញ​ទូរស័ព្ទ​ជំនួយ​ឥត​គិតថ្លៃ​សម្រាប់​កុមារ​​កម្ពុជា​ពង្រីក​ដល់ ២៤ ម៉ោង

​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា​ – ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៣។

នា​ថ្ងៃ​នេះ បណ្តាញ​ទូរស័ព្ទ​ជំនួយ​​កុមារ​កម្ពុជា​ ពង្រីកម៉ោង​ដំណើរការ​សេវា​ទូរស័ព្ទ​​ជំនួយ​ឥត​គិតថ្លៃ​លេខ ១២៨០ ​របស់​ខ្លួន​ពី​ ១៣,៥ ម៉ោង ដល់​ម៉ោង ២៤ ម៉ោង ។ ការពង្រីក​នេះ ​នឹង​ឆ្លើយតប​តម្រូវ​ការ​​​ទទួល​បាន​សេវា​គាំទ្រ​ផ្លូវ​ចិត្ត​នៅពេល​យប់ ពោល​គឺ​ជា​ពេល​ដែល​​កុមា​រ និង​យុវជន​ជាច្រើន​អាច​មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការ​ទំនាក់​ទំនង​​តាមទូរស័ព្ទ​មករក​អ្នកប្រឹក្សា​​យោបល់​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​នានា។ ជាងនេះ​ទៀត មាន​បញ្ហា​ជា​ច្រើន​កើតឡើង​នៅ​ពេល​យប់ ដែល​ធ្វើ​ឲ្យ​កុមារ និង​យុវជនត្រូវ​​ការ​ជំនួយ។

លោកជំទាវ ខៀវ បូរី ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​បណ្តាញ​ទូរស័ព្ទ​ជំនួយ​​កុមារ​កម្ពុជា និង​​ជា​អគ្គលេខាធិការ​​​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីកុមារ (CNCC) បានកោតសសើរ​​យ៉ាងខ្លាំង​ចំពោះ​វិធីសាស្រ្ត​បែបសិទ្ធិ​កុមារ​ ដែល​មាន​នៅ​ក្នុង​​ការបើកឲ្យមាន​​សេវា​ ២៤ ម៉ោង​នេះ។ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា “ការពង្រីក​សេវា​ដល់ ២៤ ម៉ោង ផ្តល់​អត្ថបយោជន៍​យ៉ាង​ច្រើន​ដល់​កុមារ និង​យុវជន​ ជាពិសេស​គឺ​សិទ្ធិ និង​ការ​ការពារ​ចំពោះ​កុមារ។ បណ្តាញ​ទូរស័ព្ទ​ជំនួយ​​កុមារ​កម្ពុជា គឺជា​​សម្លេង​របស់​កុមារ​។ កុមារ​ យុវជន និង​មនុស្ស​ធំ​ដែល​ចាប់​អារម្មណ៍ [ពេលនេះ] អាចទូរស័ព្ទ​សុំ​ជំនួយ​បាន​គ្រប់​ពេលវេលា​ទាំងអស់”។

អ្នកនាង​ Carol Mortensen នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ ChildFund Cambodia ដែល​​ជា​អ្នករៀបចំ​បង្កើត​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​ចាប់ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១២ និង​បច្ចុប្បន្នជា​សហអនុប្រធាន​ក្រុមប្រឹក្សាភិបាល​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ជឿជាក់​ថា ​ការ​ពង្រីក​សេវា​ដល់ ២៤ ម៉ោង​នេះ គឺជា​ជំហាន​ដ៏សំខាន់​ ក្នុង​ការអភិវឌ្ឍ​ផ្នែក​ស្ថាប័ន​របស់​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា។ អ្នក​នាង​បញ្ជាក់​ថា “ខ្ញុំ​តែង​បានគាំទ្រ​ចំពោះ​បណ្តាញ​ទូរស័ព្ទ​ជំនួយ ​ចាប់តាំងពេល​​សេវា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ ២០០៩ ហើយ​រហូត​មក​ទល់​ពេលនេះ សេវានេះ​បាន​ទទួល​​ការពង្រឹង​ផ្នែក​ស្ថាប័ន​ដ៏​គួរឲ្យ​កត់សម្គាល់។ ការឈានទៅ​ផ្តល់​សេវា ២៤ ម៉ោង​ គឺពិតជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្រុម​ការងារ​បាន​លូតលាស់​យ៉ាងច្រើន​ក្នុង​អំឡុង​រយៈពេល​​បីឆ្នាំ​កន្លង​មកនេះ”

លោក ស៊ាន សុខផៃ នាយក​ប្រតិបត្តិ​​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​មានក្ដី​រំភើប​​រីករាយ​ចំពោះ​ការបង្កើន​​លទ្ធភាព​ទទួល​បាន​សេវា តាមរយៈ​ការ​ផ្ដល់​​សេវា​ទូរស័ព្ទ ២៤ ម៉ោង។ លោក​បាន​លើកឡើង​ថា “កន្លងមក យើង​បាន​បើក​​សេវា​នេះ​សម្រាប់​កុមារ និង​យុវជន​គ្រប់រូប​ដែល​មាន​បញ្ហា​គ្រប់ប្រភេទ​រួច​មកហើយ។ នៅពេល​នេះ យើង​បើក​សេវា​​គ្រប់ពេល ដើម្បី​ស្តាប់ គាំទ្រ និង​ផ្តល់​ភាព​អង់អាច​ដល់​អ្នកទូរស័ព្ទ​ចូល​វ័យក្មេង​របស់​យើង។ យើង​គឺជា​បណ្តាញ​ទូរស័ព្ទកុមារ​មេត្រី​តែមួយ​គត់​ ដែល​ផ្តល់​សេវាគាំទ្រ​ផ្នែក​ផ្លូវចិត្តរយៈ​ពេល​វែង​​ពេញ​ ២៤ ម៉ោង ដោយ​ពុំ​គិត​​ថ្លៃ​ទូរស័ព្ទ​ហៅចូលឡើយ។ ចំណុច​នេះ​ក៏​មានន័យ​ថា ពេល​នេះ​យើង​បាន​​គោរព​តាម​អនុសាសន៍​​របស់​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​អន្តរជាតិ​​ ស្ដីពី​​លទ្ធភាព​​អាចទទួល​បាន​សេវា​​​ផងដែរ”

​លទ្ធភាពអាច​ទទួល​បាន​​សេវានៅ​ក្នុង​​​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា គឺ​មាន​កម្រិត​ខ្ពស់​រួច​ជាស្រេចទៅហើយ ព្រោះ​​លេខ​ទូរស័ព្ទ​ជំនួយ​​ឥតគិតថ្លៃ​ ១២៨០ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​តាំងពី​ឆ្នាំ ២០១០ មក។ លេខ​ទូរស័ព្ទ​ ១២៨០ អាច​ទទួល​ការហៅចូល​ ពីទូរស័ព្ទ​ដែល​ពុំមាន​ទឹកប្រាក់​ក្នុង​​គណនេយ្យ​​ពីទូរស័ព្ទ​គ្រប់បណ្តាញ ​ដែល​មាន​សេវា​​ នៅក្នុង​ប្រទេស​កម្ពុជា។ ម្យ៉ាងទៀត គេ​ក៏​អាច​ទំនាក់ទំនង​មកកាន់​​អ្នកប្រឹក្សា​យោបល់​​តាមរយៈ​សារ SMS (ទៅតាម​ស្តង់ដារ​តម្លៃ SMS) និង​តាមរយៈ​វែបសាយ​របស់​បណ្តាញ​ទូរស័ព្ទ​ជំនួយកុមារ​កម្ពុជា តាមរយៈ​វេទិកា​សំណួរ​ចម្លើយ ដោយ​​​ចម្លើយ​តប​​នឹង​ត្រូវបាន​ផ្ដល់​ជូន​ក្នុង​រយៈពេល​មួយសប្តាហ៍។ បណ្តាញ​ទូរស័ព្ទ​ជំនួយ​​កុមារ​កម្ពុជា​ ​មានលក្ខណៈ​ពិសេស​តែ​មួយ​គត់ ព្រោះថា​នេះ​គឺជា​បណ្តាញ​ទូរស័ព្ទ​ជំនួយ​ឥតគិតថ្លៃ​ ដែល​ផ្តល់​ការគាំទ្រ​ផ្លូវចិត្ត​រយៈពេល​វែង ជំនួស​ឲ្យ​បណ្តាញ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ដែល​ផ្តល់​​អន្តរាគមន៍​ចំពោះមុខ។

បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​​អនុញ្ញាត​ឲ្យ​កុមារ និង​យុវជន​រហូត​ដល់​អាយុ ២៥ ឆ្នាំ អាច​ស្វែង​រកជំនួយ​នៅពេល​ដែល​ពួកគេ​ត្រូវការ​ តាមពេល​ជាក់ស្តែង ហើយ​និយាយ​ដោយផ្ទាល់​ជាមួយ​អ្នក​ប្រឹក្សា​យោបល់​តាមទូរស័ព្ទ​នៅក្នុង​បរិស្ថាន​ប្រកប​ដោយសុវត្ថិភាព និង​រក្សា​ការសម្ងាត់។ អ្នកទូរស័ព្ទ​ចូល អាច​ពិភាក្សា​​លើ​បញ្ហា​ផ្សេងៗ​យ៉ាងច្រើន ចាប់ពី​បញ្ហា​ក្នុង​គ្រួសារ រហូត​ដល់​ការរំលោភ​បំពាន​គ្រប់ទម្រង់​ទាំងអស់។​ អ្នកប្រឹក្សា​យោបល់​នឹង​ផ្តល់​ការគាំទ្រ​ផ្លូវចិត្ត​ ឬ​ព័ត៌មាន ​ដើម្បី​ផ្តល់​ភាព​អង់អាច​ដល់​អតិថិជន​ ឲ្យ​ធ្វើការ​សម្រេចចិត្ត​ដោយខ្លួនឯង ឬ​តភ្ជាប់​ពួកគាត់​ទៅកាន់​ដៃគូ​សមស្រប​ដទៃទៀត។
បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​ត្រូវបាន​គាំទ្រ​ដោយ

Child Helpline Cambodia is supported by