Child Safe Tourism

January 11, 2013

អង្គការទេសចរណ៍ពិភពលោក (UNWTO)

ជាមួយនឹងតួលេខភ្ញៀវទេសចរជាង១០០០លាននាក់បានឆ្លងកាត់ព្រំដែនអន្តរជាតិក្នុងឆ្នាំ២០១២ វិស័យទេសចរណ៍គឺពិតជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចសាកលលោក ដែលនាំមកនូវការរីកចម្រើន និងយល់ដឹងពីវប្បធម៌ទូទាំងពិភពលោក។ ក៏ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យនេះជារឿយៗមានលក្ខណៈមិន
សមស្របដែលផ្ដល់នូវផលអាក្រក់ដូចជាការរំលោភបំពានលើកុមារជាដើម។ ជាការចាំបាច់ត្រូវចងចាំថាវិស័យទេសចរណ៍មានសក្ដានុពលដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធនេះ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចគ្រប់រូបភាព។ វាក៏ជាការសំខាន់ផងដែរ ដែលត្រូវទទួលស្គាល់ថាគេអាចដោះស្រាយបញ្ហាការកេងប្រវ័ញ្ចបានទាល់តែប្រើប្រាស់វិធីសាស្ត្រពហុវិស័យ។

UNWTOជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ប្ដេជ្ញាជំរុញសកម្មភាពសហ-ប្រតិបត្តិការលើវិស័យការពារកុមារ។ យើងគាំទ្រភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន លើកកម្ពស់កិច្ច-សហប្រតិបត្តិការរវាងប្រទេសដើមកំណើតរបស់ភ្ញៀវទេសចរ និងប្រទេសគោលដៅទេសចរណ៍ និងទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងឧស្សាហកម្មទេសចរណ៍ និងសង្គមស៊ីវិល។ យុទ្ធនាការលើកកម្ពស់ការយល់ដឹងអន្តរជាតិរបស់ UNWTO “ហាមមិនឲ្យការរំលោភបំពានលើកុមារធ្វើដំណើរ” បានចាប់ផ្ដើមនៅឆ្នាំ២០០៨ ក្រោមកិច្ចសហការជាមួយដៃគូពហុវិស័យជាច្រើន។ ដូចគ្នានេះដែរ ជាងមួយទសវត្សនេះ UNWTO បានសម្របសម្រួល បណ្ដាញទេសចរណ៍ពិភពលោកការពារកុមារ (ពីមុនមានឈ្មោះថា កងប៉ូលីសពិសេសសម្រាប់ការពារកុមារក្នុងវិស័យទេសចរណ៍) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនការយល់ដឹងពីការរំលោភបំពានលើកុមារក្នុងវិស័យ ទេសចរណ៍ ព្រមទាំងបង្ការ និងរាយការណ៍ករណីរំលោភបំពាន (ការកេងប្រវ័ញ្ចផ្លូវភេទ ពលកម្មកុមារ និងការជួញដូរ)។ ឧទាហរណ៍ តាមរយៈការកំណត់ស្តង់ដារការពារកុមារ កសាងសមត្ថភាព និងលើក-កម្ពស់ការយល់ដឹងអំពីហានិភ័យនៃការកេងប្រវ័ញ្ចលើកុមារក្នុងឧស្សាហកម្មទេសចរណ៍។ បណ្ដាញនេះ ប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃឯកសារគោលនយោបាយគោលរបស់ UNWTO មានឈ្មោះថា ក្រមសីលធម៌គោលសម្រាប់វិស័យទេសចរណ៍ ជាផែនទីសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ។ បណ្ដាញនេះប្រកាសយ៉ាងច្បាស់ថា “ការកេងប្រវ័ញ្ចលើមនុស្សគ្រប់រូបភាព ពិសេសលើកុមារ ប៉ះពាល់ដល់គោលបំណងមូលដ្ឋាននៃវិស័យទេសចរណ៍ និងជាចំណុចអវិជ្ជមាននៃវិស័យទេសចរណ៍” (ប្រការ២.៣)។

ដោយអនុវត្តតាមភាសិតនេះ បណ្ដាញនេះបានសហការប្រកបដោយផ្លែផ្កាជាមួយរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយនិងឧស្សាហកម្មទេសចរណ៍ដើម្បីធ្វើការលុបបំបាត់ការកេងប្រវ័ញ្ចលើមនុស្សវ័យក្មេង
ក្នុងវិស័យទេសចរណ៍។ ផ្នែកនីតិកម្មជាតិនិងផែនការសកម្មភាពធ្វើការប្រកបដោយប្រសិទ្ធភាពក៏ដោយសារការរួមចំណែកនៃក្រុម
តស៊ូមតិ អាជីវកម្មទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។ ចំណេះដឹង និងបទពិសោធន៍នៃប្រទេសនានា និងអង្គការមិនមែន រដ្ឋាភិបាលបានរួមចំណែកយ៉ាងច្រើនដល់កម្មវិធីកសាងសមត្ថភាព ការបណ្ដុះបណ្ដាលបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ យុទ្ធនាការលើកកម្ពស់ការយល់ដឹង សៀវភៅណែនាំសម្រាប់ការរាយការណ៍ករណីរំលោភបំពានលើកុមារ និងការចងក្រងច្បាប់ការពារកុមារ។ ក្រមប្រតិបត្តិដែលចងក្រងដោយ ECPAT និងគាំទ្រដោយ UNWTO គឺជាឧទាហរណ៍មួយនៃគំនិតផ្ដួចផ្ដើមរួមគ្នារវាងវិស័យឯកជន និងសង្គមស៊ីវិលដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចលើកុមារ។

បទពិសោធន៍ជាយូររបស់ UNWTO ក្នុងនាមជាអ្នកសម្របសម្រួលនៃកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធជាច្រើន បង្ហាញពីសារៈសំខាន់នៃភាពជាដៃគូប្រកបដោយប្រសិទ្ធភាពរវាងវិស័យរដ្ឋ និងឯកជន 
ចំពោះភាពជោគជ័យនៃវិធានការការពារកុមារ។ ទាល់តែធ្វើការរួមគ្នា ទើបគេអាចលុបបំបាត់បាតុភូតដែលមិនអាចអត់ឱនឲ្យបាននៃការកេងប្រវ័ញ្ចលើកុមារ 
ក្នុងវិស័យទេសចរណ៍។

Marina Diotallevi – អ្នកគ្រប់គ្រងកម្មវិធី ផ្នែកសីលធម៌ និងសង្គមនៃវិស័យទេសចរណ៍ អង្គការទេសចរណ៍ពិភពលោក (UNWTO)