Child Safe Tourism

March 26, 2014

កំណើន​វិស័យ​ទេសចរណ៍​កម្ពុជា​នាំ​ឲ្យ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​កាន់តែ​មាន​សារៈសំខាន់

ក្រុងភ្នំពេញ ប្រទេស​កម្ពុជា – ថ្ងៃទី ២៦ ខែ​ មីនា ឆ្នាំ ២០១៤។

ក្នុង​ឆ្នាំ ២០១៣ ប្រទេស​កម្ពុជា​បានទទួល​អ្នកទេសចរណ៍ ៤,២ លាន​នាក់​ ដែល​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ​ចំនួន ១៧%។ កំណើន​អ្នកទេសចរណ៍​យ៉ាងរ​ហ័ស​នេះ​ត្រូវ​បាន​រំពឹង​ថា​​នឹង​​បន្ត​ពី​មួយឆ្នាំ​ទៅមួយឆ្នាំ​ ដែល​ធ្វើ​ឲ្យ​មាន​កង្វល់​អំពី​វិធី​​​ដើម្បី​ធានា​យ៉ាង​ណា​ឲ្យ​កុមារ​ក្នុង​មូលដ្ឋាន​ទទួល​តែ​​ផលប៉ះពាល់​ជាវិជ្ជមាន​​ប៉ុណ្ណោះ​ពី​វិស័យទេសចរណ៍។

ទីកន្លែង​ទេសចរណ៍​ទាក់ទាញ​កុមារ​ងាយរងគ្រោះ​ និងគ្រួសារ​ដែល​ស្វែង​រក​ចំណូល។ កុមារ​​ទាំង​នេះ​អាច​ចូលរួម​ក្នុង​សកម្មភាព​រកចំណូល​នៅតាមផ្លូវ ដែល​ធ្វើ​ឲ្យ​ពួកគេ​មានភាព​ងាយ​រងគ្រោះ​ជាពិសេស​ចំពោះ​ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច។

ថ្ងៃ​នេះ ​គឺជា​ថ្ងៃ​បើក​សម្ភោធ​យុទ្ធនាការ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ទូទាំង​ប្រទេស​​ថ្មី​មួយទៀត​ ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​ ក្នុង​ភាព​ជាដៃគូ​ជាមួយ​ក្រសួង​ទេសចរណ៍។ យុទ្ធនាការ​នេះ មាន​បំណង​ទប់ស្កាត់​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ តាមរយៈ​ការជ្រើសរើស​អ្នកទេសចរណ៍​ប្រកប​ដោយ​ការទទួលខុសត្រូវ​ ដើម្បី​រក្សា​សុវត្ថិភាព​កុមារ​ពីការ​រំលោភ​បំពាន​ទាំងឡាយ​ណា​ដែល​អាច​កើតមាន​តាំងពី​ដំបូង។ យុទ្ធនាការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការផ្តួចផ្តើម​គំនិត​របស់​រដ្ឋាភិបាល​អូស្រ្តាលី​ ក្នុង​ផ្នែក​បង្ការ​របស់​គម្រោង​កុមារភាព​ ដែល​មាន​បំណង​ទប់ស្កាត់​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ។ យុទ្ធនាការ​នេះ​ក៏​ត្រូវ​បាន​ដំណើរ​ការ​ក្នុង​បណ្តាប្រទេស​ជិតខាង​ ដូចជា​​ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ផងដែរ។

ក្នុង​ភាព​ជាដៃគូជាមួយ​ក្រសួង​ទេសចរណ៍ អង្គការ​ទស្សនៈ​ពិភពលោក​បានផលិតស្ទីគ័រ​ចំនួន ១២ ០០០ សន្លឹក កាតតាំងបញ្ឈរ (tentcard) ចំនួន ១០ ០០០ ផ្ទាំង និង​ផ្ទាំង​ប៉ាណូ ចំនួន ៣៦ ផ្ទាំង ដោយ​ផ្ទុក​ទៅដោយ​សារ​ដើម្បី​រក្សា​សុវត្ថិភាព​កុមារ​ក្នុង​វិស័យទេសចរណ៍ ដែល​ត្រូវ​បាន​ចែកចាយ​នៅតាម​ទីតាំង​ទេសចរណ៍​សំខាន់ៗ​ទៅតាម​ភាគី​​ពាក់ព័ន្ធ​រដ្ឋាភិបាល សាធារណៈ និង​ឯកជន​ដែល​ធ្វើការ​នៅក្នុង​វិស័យទេសចរណ៍។ ក្នុង​កម្មវិធី​សម្ភោធ​​ថ្ងៃនេះ សមាគមទី​ភ្នាក់ងារ​ការ​ធ្វើ​ដំណើរ​កម្ពុជា​​ដែល​បាន​ប្តេជ្ញា​ចិត្ត​ដើរ​តួនាទី​នាំមុខ​ បាន​ផ្សព្វផ្សាយយុទ្ធនាការ​នេះ​នៅ​ទូទាំង​​ប្រទេស​កម្ពុជា។

ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា “អ្នកទេសចរណ៍​ភាគច្រើន​មកសប្បាយរីករាយ​ជាមួយ​ទីកន្លែង​ដ៏ស្រស់ស្អាត និង​វប្បធម៌​របស់​កម្ពុជា ប៉ុន្តែ​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ដែល​ប្រព្រឹត្ត​ដោយ​អ្នកទេសចរណ៍​មួយ​ក្តាប់​តូច គឺជា​កង្វល់​ដ៏ធំ​របស់​សង្គម​កម្ពុជា ក៏​ដូចជា​ពិភពលោក​ទាំងមូល។ កុមារ​គឺជា​អនាគត​ធនធាន​មនុស្ស ហើយ​កុមារ​ គួរ​ទទួល​បាន​ការការពារ​ពី​ការរំលោភបំពាន​គ្រប់ទម្រង់​ទាំងអស់។” ឯកឧត្តម​បាន​បន្ថែម​ទៀតថា រដ្ឋាភិបាល​កម្ពុជា​លើកទឹកចិត្ត​​ឲ្យ​ប្រជាជន​ទាំងអស់​ចូលរួម​ចំណែក​ក្នុង​ការកសាង​បរិស្ថាន​​ទេសចរណ៍​ដែល​មានសុវត្ថិភាព​សម្រាប់​កុមារ​ក្នុង​ប្រទេស​កម្ពុជា។

កាលពី​ឆ្នាំទៅ អង្គការ​ទស្សនៈ​ពិភពលោកបាន​ធ្វើ

កាលពី​ឆ្នាំទៅ អង្គការ​ទស្សនៈ​ពិភពលោកបាន​ធ្វើ​ការស្រាវជ្រាវទីផ្សារ​ជាមួយ​អ្នក​ធ្វើដំណើរ​មកកាន់​តំបន់​ទន្លេ​មេគង្គ​ ស្តីពី​បទពិសោធន៍​របស់​ពួក​គេ​ក្នុង​ការជួប​ជាមួយ​កុមារ ហើយ​បានរកឃើញ​ថា “អ្នកទេសចរណ៍​ជាច្រើន​ចង់ជួយ​កុមារ​ដែល​កំពុង​ប្រឈម​ហានីភ័យ ប៉ុន្តែ​ពួកគេ​មាន​ការភាន់ភ័ន្ត​ភាំង​មិន​ដឹង​ថា​តើ​មាន​​សកម្មភាព​អ្វី​ខ្លះ​​ដែល​​ពួកគាត់​​​អាចធ្វើ​បាន ហើយ​ពួកគាត់​ចង់បាន​ព័ត៌មាន​បន្ថែមទៀត” នេះ​ជា​សម្តី​របស់​លោក ផង់ ចិន្តា អ្នកសម្របសម្រួល​គម្រោង​កុមារភាព​សម្រាប់​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា។ លោក​បាន​បញ្ជាក់ថា “សម្ភារៈ​ទាំងនេះ​ផ្តល់ព័ត៌មាន​ និង​ដំបូន្មាន​ដ៏មាន​សារៈ​ប្រយោជន៍​ ដើម្បី​ជួយ​អ្នកធ្វើដំណើរឲ្យ​ធ្វើការ​ជ្រើសរើស​ប្រកប​ដោយ​ការទទួល​ខុសត្រូវ ព្រមទាំង​ប្រកាន់​គោលជំហរ​ប្រឆាំង​ការរំលោភ​បំពាន​ចំពោះ​កុមារ​គ្រប់ទម្រង់​ទាំងអស់។ សម្ភារៈ​ទាំងនេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​ឯកជន​អាច​ធ្វើ​សកម្មភាព​​បន្ថែម​ទៀត​ដើម្បី​ការពារ​កុមារ​បាន​​កាន់តែ​ប្រសើរ”

ពិធី​សម្ភោធ​យុទ្ធនាការ​ជា​​ផ្លូវការ ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​នេះ​នៅ​ក្រសួង​ទេសចរណ៍​ក្នុង​ក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា ចាប់ពី​ម៉ោង ៨.០០ ដល់​ ១០.១៥ ព្រឹក ដោយ​មាន​ការចូលរួម​ពី​រដ្ឋាភិបាល​ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ អង្គការ​សហគមន៍ និង​វិស័យ​​ឯកជន។