Child Safe Tourism

April 11, 2013

ការប្តេជ្ញាចិត្ត​របស់ Intrepid Travel​ ដើម្បី​ការពារ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍

ការជួយ​ការពារកុមារ​​ឲ្យ​រួចផុតពី​ការរំលោភ​បំពាន​ បានក្លាយជា​ការប្តេជ្ញាចិត្ត​ស្នូល​របស់​ក្រុមហ៊ុន​ធ្វើដំណើរ​​កម្រិត​សកល​លោកឈ្មោះ Intrepid Travel ចាប់តាំងពី​​ពេល​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ការងារ​ផ្នែក​ការធ្វើ​ដំណើរ​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ឆ្នាំ ១៩៨៩ មក។ ក្រុមហ៊ុន​ប្រតិបត្តិការ​ក្នុង​ប្រទេស​ជាង ១២០ ទូទាំង​ពិភពលោក ហើយ​ទទួល​យក​អ្នកធ្វើដំណើរ​ជិត ១០០ ០០០ នាក់ ជារៀងរាល់ឆ្នាំ។ ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ (CST) បាន​និយាយ​ជាមួយ​អ្នកគ្រប់គ្រង​ផ្នែក​ការធ្វើដំណើរ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន Intrepid ឈ្មោះ Jane Crouch (JC) ដើម្បី​ស្វែង​យល់​ថាតើ​មាន​កត្តា​​អ្វីខ្លះ​​ដែល​បាន​ជម្រុញ​ក្រុមហ៊ុន​​នេះ​ឲ្យ​ចាត់ទុក​ការ​ការពារ​កុមារ​ជាអាទិភាព​គន្លឹះ​មួយ​​នៅក្នុង​ការប្រតិបត្តិការ​ការងារ​របស់ខ្លួន។


CST: ​តើហេតុ​ដូចម្តេច​បានជា​ក្រុមហ៊ុន Intrepid មាន​លក្ខណៈ​សកម្ម​យ៉ាង​ខ្លាំងលើ​បញ្ហាការ​ការពារ​កុមារ?

JC: កាលពី​ពេល​​ក្រុមហ៊ុន Intrepid ទើប​ចាប់​ប្រតិបត្តិការ​ដំបូង បុគ្គលិកនៅ​ថ្នាក់​ ​មូលដ្ឋាន​របស់​យើង ជាពិសេស​គឺ​ប្រធាន​ក្រុម​ (​បច្ចុប្បន្ន​មាន​ចំនួន​ជាង ៣០០ នាក់​ក្នុង​តំបន់អាស៊ី) បាន​មើលឃើញ​​ពី​ភាព​ងាយរងគ្រោះ​របស់​កុមារ​នៅ​តាម​កន្លែង​​ទេសចរណ៍​ និង​​បានឃើញ​ផ្ទាល់ភ្នែក​នូវ​អាកប្បកិរិយា​គួរឲ្យ​បារម្ភ​មួយចំនួនរបស់​​ភ្ញៀវ​បរទេស ហើយ​មានភ្ញៀវ​បរទេស​មួយចំនួន​បានកេងប្រវ័ញ្ច​លើកុមារ​ថែមទៀតផង។ ជារឿយៗ ពួកគេ​បាន​សង្កេត​ឃើញ​មាន​កុមារ​ក្មេងៗ​​ធ្វើការ​នៅក្នុង​ស្ថានភាព​ងាយ​រងគ្រោះ ដូចជា៖

  • លក់ផ្កា កាត​ប៉ុស្តាល់ និង​គ្រឿង​អលង្ការ​ក្នុង​ប្រទេស​វៀតណាម។
  • សុំទានតាម​ចិញ្ចើម​ថ្នល់​ក្នុង​ប្រទេស​ឡាវ។
  • ធ្វើការ​ក្នុង​ក្លឹប​រាត្រីនៅ​​តំបន់​មាន​កិត្តនាម​​ល្បីរន្ទឺ​​ផ្នែក​ពេស្យាចារ​ក្នុង​ប្រទេស​ថៃ។
  • ធ្វើការ​សម្តែង​​ជូនភ្ញៀវ​ទេសចរណ៍ក្នុង “​មណ្ឌល​កុមារ​កំព្រា” ក្នុង​ប្រទេស​កម្ពុជា។

ពួកគេ​ចាប់ផ្តើម​យល់​កាន់តែ​ច្បាស់​អំពី​បញ្ហា​ប្រឈម​របស់កុមារទាំងនោះ។ ពួកគេ​ចាប់ផ្តើម​មានឆន្ទៈ​ចង់​ជួយ​បង្កើត​បរិស្ថាន​ទេសចរណ៍​កាន់តែ​ប្រសើរ​សម្រាប់​កុមារ​ទាំងនោះ​ ដើម្បី​ធានា​ថា ​កុមារ​ក្នុង​មូលដ្ឋាន​ទទួល​បាន​អត្ថប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ ហើយ​ពុំ​ធ្វើឲ្យ​​កុមារ​រង​ការ​លំបាក​កាន់តែ​ខ្លាំង​ថែមទៀត បន្ថែម​លើ​ការលំបាក​ដែល​មានស្រាប់​មក​ហើយ​នោះ។ ទីបញ្ចប់ វិស័យ​ទេសចរណ៍​គួរតែ​ផ្តល់អត្ថប្រយោជន៍​ដល់​ភ្ញៀវ​ទេសចរណ៍​ផង និង​សហគមន៍​​ម្ចាស់​ស្រុក​ផង ហើយ​សុវត្ថិភាព និង​អនាគត​របស់​កុមារ គឺជា​ធាតុ​ដ៏​សំខាន់​មិនអាច​កាត់​ផ្តាច់​បាន​ពី​ទំនាក់ទំនង​នេះ។


CST: តើ​ក្រុមហ៊ុន Intrepid គាំទ្រ​ការងារ​របស់​អង្គការ​ការពារ​កុមារ​នៅក្នុង​តំបន់​នេះ​ដោយ​របៀបណា?

JC: ក្រុមហ៊ុន Intrepid Travel បាន​សហការ​ជាមួយ NGOs នៅក្នុង​តំបន់​ដែល​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការការពារ​កុមារ ដូចជា​ អង្គការ ECPAT (Child Wise), ChildSafe (Friends International) និង គម្រោង​កុមារភាព (អង្គការ​ទស្សនៈ​ពិភព​លោក)។ អង្គការ​ទាំងនេះ​បាន​ផ្តល់​ទស្សនៈ​ស្តីពី​ភាព​គួរឲ្យ​ខ្លាច​នៃ​បញ្ហា ហើយ​ក៏​បាន​ស្នើឡើង​នូវ​វិធី​នានា​ដែល​ក្រុមហ៊ុន Intrepid អាចជួយ​បាន ហើយ​​ជា​លទ្ធផល បាន​ធ្វើ​ឲ្យ​មាន​គុណតម្លៃ​ទៅវិញ​ទៅមក​មិនគួរឲ្យជឿ ទាំង​សម្រាប់ NGOs និង​ក្រុមហ៊ុន​ Intrepid ផ្ទាល់។ យើង​មានលទ្ធភាព​ផ្ទេរ​ការបរិច្ចាគ លើកកម្ពស់​ភាព​ជា​សាធារណៈ ជួយ​សម្រួល​ចំណង​ទាក់ទង​ទៅក្នុង​ឧស្សាហកម្ម​នៃការធ្វើដំណើរ និង​ចែកចាយ​សម្ភារៈ​អប់រំ​ទៅដល់​អ្នកធ្វើ​ដំណើរ។ ជាកិច្ច​ឆ្លើយ​តប​ NGOs ទាំងនោះ​​មានលទ្ធភាព​ផ្តល់​ការបណ្តុះ​បណ្តាល​ដល់​បុគ្គលិក​របស់​យើង ក៏​ដូចជា​ផ្ដល់​​ដំបូន្មាន និង​មគ្គុទេសក៍​ពី​អ្នកជំនាញ​ការ​លើ​បញ្ហា​ការកេងប្រវ័ញ្ច​លើ​កុមារ និង​អំពី​របៀប​ដែល​យើងអាច​ជួយ​ការពារ​កុមារបាន។


CST: តើ​អ្នកធ្វើ​យ៉ាងណា​ដើម្បីឲ្យ​អ្នក​​​​ធ្វើដំណើរ​តាម​​ក្រុមហ៊ុន Intrepid ចូលរួម​ក្នុង​​បញ្ហា​ស្តីពី​ការ​កេងប្រវ័ញ្ចលើ​កុមារ និង​ផ្តល់​ភាព​អង់អាច​ដល់​ពួកគេ​ឲ្យ​មាន​លក្ខណៈ​សកម្ម​ក្នុង​ការបង្កើត​បរិស្ថាន​ទេសចរណ៍​កាន់តែ​មាន​សុវត្ថិភាព

JC: យើង​បញ្ជូន​ចំណេះដឹង និង​ព័ត៌មាន​ដែល​យើង​បានរៀនសូត្រ​​ ទៅឲ្យ​​អតិថិជន​របស់​យើង ដើម្បី​ឲ្យ​អតិថិជន​​អាច​ធ្វើការជ្រើសរើស​ដោយ​ផ្អែកលើ​ព័ត៌មាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើបាន។ ក្នុង​អំឡុងពេល​ការធ្វើដំណើរ​របស់​យើង យើង​បង្រៀន​ពួកគេ​អំពី​របៀប​ដើម្បី​ក្លាយជា​អ្នកធ្វើដំណើរ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ ហើយ​នាំពួកគេ​ទៅកាន់​អាជីវកម្ម​ និង​សហគ្រាស​សង្គម​ដទៃទៀត​ដែល​ជួយ​គាំទ្រ​ដល់​យុវជន និង​គ្រួសារ​ងាយ​រងគ្រោះ។

ក្នុង​ឆ្នាំ​កន្លង​ទៅថ្មីៗ​នេះ អតិថិជន​របស់​យើង ក៏​ច្រើន​តែ​ស្នើសុំ​ទស្សនកិច្ច​ទៅកាន់​មណ្ឌល​កុមារ​កំព្រាផង​ដែរ។ ជារឿយៗ ការ​ស្នើសុំ​​​ទាំងអស់​នេះ​​ ច្រើន​តែ​ជា​ការ​ស្នើសុំ​ផ្ដើមចេញ​ពី​​​ចេតនា​ល្អ​​ ប៉ុន្តែ​ជាការបង្ហាញ​ឲ្យ​ឃើញ​នូវ​កង្វះ​ការយល់ដឹង និង​ចំណេះ​ដឹង​អំពី​ផលប៉ះពាល់​ជាអវិជ្ជមាន ដែល​ទេសចរណ៍​ទៅកាន់​មណ្ឌល​កុមារកំព្រា​ អាច​មាន​ចំពោះ​​កុមារ។ ហេតុនេះ ក្រុមហ៊ុន Intrepid បាន​ប្រើប្រាស់​ឱកាស​ទាំង​​នេះ ​ដើម្បី​អប់រំ​អ្នកធ្វើដំណើរ​ស្តីអំពី​អ្វី​ដែលពួកគេ​គួរធ្វើ​ និង​មិនគួរធ្វើ ទាក់ទង​នឹង​អន្តរកម្ម​ជាមួយ​កុមារ​ងាយ​រងគ្រោះ​ក្នុង​​មូលដ្ឋាន។


CST: តើ​អ្នកបណ្តុះបណ្តាល​​បុគ្គលិក​ក្រុមហ៊ុន Intrepid លើកឡើងពី​បញ្ហាងាយ​រសើប​ទាំងអស់​នេះ​ដោយ​របៀបណា?

JC: ចាប់​ពី​ឆ្នាំ ១៩៩៩ មក ក្រុមហ៊ុន Intrepid បាន​បណ្តុះបណ្តាល​បុគ្គលិក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​អំពីរបៀប​ដើម្បី​ការពារ​កុមារ​ពី​ការរំលោភបំពាន ជាពិសេស​គឺ​កុមារ​ដែល​រស់នៅ និង​ធ្វើការ​ក្នុង​តំបន់​គោលដៅ​ទេសចរណ៍។ ការបណ្តុះបណ្តាល​នេះ​គាំទ្រ​ការទទួលខុសត្រូវរបស់យើងក្នុង​​ការធ្វើ​សកម្មភាព​ និង​ការរាយការណ៍​ តាមរយៈ​ការ​បង្រៀន​ដល់​ប្រធាន​ក្រុម​របស់​យើង ស្តី​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅពេល​ពួកគាត់​សម្គាល់​ឃើញ​អាកប្បកិរិយា​គួរឲ្យ​សង្ស័យ។

យើង​មានលទ្ធភាព​អាច​ដាក់បញ្ចូល​មេរៀន​សំខាន់ៗ ដែល​ទទួល​បាន​​ពីការ​បណ្តុះបណ្តាល​​នេះ​ទៅក្នុង​វគ្គបណ្តុះបណ្តាល​​ប្រធាន​ក្រុម​របស់​យើង​នៅ​ទូទាំង​ពិភពលោក។ ការយល់ដឹង​នេះជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន Intrepid ​រាយការណ៍​​អំពី​ករណី​ជាច្រើន​ទៅ​អាជ្ញាធរមូលដ្ឋាន និង​ប៉ូលីស​សហព័ន្ធ​​របស់​អូស្រា្តលី។

យើង​ក៏បាន​ដាក់ឲ្យ​មាន​​គោលនយោបាយ​ផ្នែកស្ថាប័ន​ជា​ផ្លូវការ​ក្នុង​ ​នៅក្នុង​ក្រុម​របស់​យើង ​ដែល​ចុះ​ទៅកាន់​សាលារៀន និង​វិទ្យាស្ថាន​របស់​កុមារ​ដទៃទៀត រួមទាំង​មណ្ឌល​កុមារ​កំព្រាផងដែរ។ គោលនយោបាយ​នេះ​ បាន​ជួយ​ផ្តល់​ឲ្យ​បុគ្គលិក និង​អ្នកធ្វើ​ដំណើរ​​របស់​យើង​នូវ​ការយល់​ដឹង​អំពី​វិធី​ប្រកប​ដោយ​ការស្ថាបនា​ ដើម្បី​ជួយ​ដល់​កុមារ​ងាយរងគ្រោះ​ក្នុង​មូលដ្ឋាន។ យើង​បាន​បង្កើត​ឲ្យ​មាន​ច្រក​មួយ​សម្រាប់​អ្នកធ្វើដំណើរ​តាម​ក្រុមហ៊ុន Intrepid អាច​បរិច្ចាគ​ដល់​អង្គការ​កុមារ​ដែល​បានទទួល​ការពិនិត្យ​យ៉ាង​ត្រឹមត្រូវ​តាមរយៈ​មូលនិធិ Intrepid។ វិធី​នេះ​អាច​ជួយ​ធានា​បានថា ការគាំទ្រ​របស់​ពួកគាត់​​បាន​ទៅដល់​កន្លែង​ដែល​ធនធាន​ទាំងនោះ​អាច​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ល្អ​បំផុត។


CST: តើ​អ្វី​ជា​អាទិភាព​បន្ទាប់​នៅក្នុង​បញ្ជី​អាទិភាព​របស់​ក្រុមហ៊ុន​ Intrepid សម្រាប់​ការការពារ​កុមារ?

JC: យើង​ចង់ស្វែង​រក​អង្គការ​ដើម្បី​ធ្វើជា​ដៃគូ​បន្ថែម​ទៀត​នៅក្នុង​ផ្នែក​ផ្សេងទៀត​នៃ​ពិភពលោក ដែល​យើង​សង្ស័យ​ថា​កុមារ​អាច​រង​ការកេងប្រវ័ញ្ច​នៅក្នុង​វិស័យ​ទេសចរណ៍ ជាពិសេស​គឺ​នៅ​​តំបន់​អាហ្រ្វិក ប្រទេស​មីយ៉ាន់ម៉ា និង​អាមេរិក​ឡាទីន។ មិនខុសអ្វីពី NGOs ក្នុង​ទ្វីប​អាស៊ី ដៃគូ​ទាំងនោះ​អាច​បណ្តុះបណ្តាល​​បុគ្គលិក​របស់​យើង​អំពី​បញ្ហា​ការការពារ​កុមារ និងជួយ​អប់រំអតិថិជន ព្រម​ទាំង​ដើរតួជា “ភ្នែក និង​ត្រចៀក” ដើម្បីរក​មើល​កុមារ​ក្នុង​មូលដ្ឋាន។