Child Safe Tourism

February 14, 2014

ដំណើរ​ឆ្ពោះទៅកាន់សុវត្ថិភាពកុមារ​ក្នុងវិស័យទេសចរណ៍

សំណេរ​របស់​ភ្ញៀវ – Aarti Kapoor អ្នកគ្រប់គ្រង​កម្មវិធី​ផ្នែកបង្ការ​របស់គម្រោងកុមារភាព

អ្នក​ស្គាល់ស្ថានភាពយ៉ាង​ច្បាស់។ អ្នកមក​ដល់កន្លែងថ្មីមួយ​ មិនថាជា​ភូមិ​ដាច់ស្រយាល ឬទីតាំង​ទេសចរណ៍​តាម​ទីក្រុង​ដ៏​មាន​ប្រជាប្រិយ​នោះឡើយ ហើយ​ភ្លាមៗនោះ​អ្នក​បាន​​​ឃើញ ​កុមារ។ ពួកគេ​ដើរមក​រក​អ្នក​ដោយ​មានទំនុកចិត្ដ ហើយ​ពេលខ្លះ​ពួកគេ​មក​​​ជាក្រុម ដើម្បីលក់ស្ករ​កៅស៊ូ ឬ​ផ្លែឈើ ឬគ្រាន់តែហុចកំប៉ុង​​ប្លាស្ទីកមករក​អ្នក​ដើម្បីសុំលុយកាក់​ក្នុង​នាម​ជា​អ្នក​សុំទាន។ នេះគឺជាស្ថានភាព​ដ៏​តានតឹងមួយ ព្រោះ​​អ្នកមើលឃើញទាំងភាពរឹងមាំ និងភាពក្រីក្រ​របស់​កុមារ​​ក្នុងពេល​ដំណាលគ្នា។ យើង​ពិបាក​ដឹងថា តើត្រូវ​ឆ្លើយ​តប​ចំពោះស្ថានភាព​ទាំង​អស់នេះដោយ​របៀបណា ជាពិសេស​ពេល​អ្នក​មិនទាន់​បាន​ត្រៀមខ្លួន​ជាមុន។ ខ្ញុំ​ក៏​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​​​ជា​ច្រើនដង​ផងដែរ។

ផ្នែកបង្ការរបស់​គម្រោងកុមារ​ភាព ប្រើប្រាស់​វិធីសាស្ដ្រ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​​នៅក្នុង ការ​ទប់ស្កាត់ការ​កេងប្រវ័ញ្ចផ្លូវភេទ​លើកុមារ​ក្នុងវិស័យធ្វើដំណើរ និង​ទេសចរណ៍។ ក្នុងនាម​ជា​អ្នកគ្រប់គ្រង​កម្មវិធី ខ្ញុំ​មាន​កិត្ដិយស​ដែល​អាច​មាន​ឱកាស​ធ្វើការ​ឆ្ពោះ ទៅ​សាង​អនាគតកាន់តែប្រសើរ​សម្រាប់កុមារ។ ដំណើររបស់​ខ្ញុំ​ផ្ទាល់​មកកាន់​សុវត្ថិភាព​កុមារ​ក្នុងវិស័យ​ទេសចរណ៍ ​គឺជា​ដំណើរ​មួយ​ដែល​រួមបញ្ចូល​ទាំងចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន​​របស់​ខ្ញុំ​ក្នុង​ការ​ធ្វើដំណើរ ​ក៏ដូចជាការរៀនសូត្រ​ផ្នែក​​វិជ្ជាជីវៈ​ជាបន្ដ​បន្ទាប់​របស់ខ្ញុំ ក្នុង​ការការ​ពារ​​កុមារ​ផង ដែរ។ ខាង​ក្រោម​នេះ​គឺជារូប​ភាពសង្ខេប​មួយ​ ស្ដីពី​ដំណើរ​របស់ខ្ញុំ។

ប៉ុន្មានឆ្នាំមុនពេលខ្ញុំធ្វើដំណើរ​នៅទ្វីបអាស៊ី ដៃគូ​ធ្វើដំណើរ​របស់​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់​បាន​សម្រេចចិត្ដ​ជិះសត្វអូដ្ឋ និង​ទៅ​គេង​នៅ​​វាលខ្សាច់។ យើងត្រូវ​ធ្វើដំណើរ​ឆ្លង​កាត់​​ភូមិ​ដាច់​ស្រយាល​​មួយ​ដើម្បីជួប​​អ្នក​ស្រុក​ដែល​នឹង​មក​ស្វាគមន៍​យើង។ ប្រតិបត្ដិករ​ទេសចរណ៍​បាន​ផ្ដល់​ដំបូន្មាន​​ឲ្យ​យើង​យក​ស្ករគ្រាប់ខ្លះទៅចែក​ឲ្យក្មេង​ក្នុងមូលដ្ឋាន។ ជំនួស​ឲ្យ​យក​ស្ករ​គ្រាប់ យើង​បាន​​ជ្រើស​រើសយក​របស់​លេង​តូចៗដោយ​យើងគិតថា របស់​ទាំងនេះ​ប្រហែល​ជា​ល្អ​​សម្រាប់​ធ្មេញ​​របស់​កុមារ​ជាង​ស្កគ្រាប់។

យើង​បានធ្វើដំណើរជាមួយ​មគ្គុទេសក៍​ទេសចរណ៍ចំនួនពីរនាក់ និង​សត្វអូដ្ឋ​របស់ពួក​គេ។ ក្រោយចេញ​ដំណើរ​បាន​ប៉ុន្មាន​ម៉ោង​ យើង​​អាចមើល​ឃើញទិដ្ឋភាពភូមិ​ស្ទុងៗ ដោយ​ក្នុង​នោះ​​មានកូន​ខ្ទមសាមញ្ញៗ​នៅ​​ផ្ដុំគ្នា​ជុំ​វិញ​ខ្ទមធំមួយ។ ភូមិ​នោះមើលទៅ​​ហាក់ស្ងប់ស្ងាត់ និងតូច។ ពេលយើង​មកដល់ភូមិ​ មាន​ក្មេង​មួយ​ក្រុមធំ​រត់មករកយើង​។ យើង​បានចុះពីសត្វ​អូដ្ឋ ហើយ​មគ្គុទេសក៍​របស់​យើងបាន​យក​​​សត្វអូដ្ឋនោះ​ទៅ​ចង។ ក្មេងៗ​រត់​មក​រក​យើង​ដោយ​ក្ដី​រំភើប​ ហើយ​​ ​ពួក​គេ​បាន​ចាប់​ដៃរបស់​​យើង​ដោយ​ពុំ​មាន​ស្ទាក់ស្ទើរ​ រួច​បាន​​​​ចាប់ផ្ដើម​ស្ទាប​សម្លៀក​បំពាក់របស់​យើង​ ស្រប​ពេល​​ដែល​ពួកគេចាប់ផ្ដើម​ហៅ និង​សម្លឹង​មុខយើង​ដោយ​ក្ដី​ងឿងឆ្ងល់។ មិនយូរ​ប៉ុន្មាន ​ខ្ញុំ​ចាប់ផ្ដើម​មាន​អារម្មណ៍​មិនសូវស្រួល ដោយ​ក្មេងៗចាប់ផ្ដើម​ជ្រួល​ច្រាល​កាន់តែខ្លាំង ​ឡើងៗ ដោយ​ម្នាក់ៗ​ប្រជែង​គ្នា​​ទាមទារចំណាប់អារម្មណ៍​ពី​ពួកយើង។ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​មានក្មេងៗ​ច្រើនណាស់។ ក្មេង​ស្រី​ម្នាក់​បានលូកដៃ​ចូល​ក្នុង​ហោប៉ៅ​របស់​ខ្ញុំ ចំណែក​ម្នាក់ទៀត​​ប៉ះ​ខ្សែដៃ និងកងដៃ​របស់ខ្ញុំ។ ក្មេង​ទីបី​សើយ​ជាយ​​ជើង​ខោ​របស់ខ្ញុំ​​ឡើងដើម្បីពិនិត្យ​មើលកង​ជើងដែល​ខ្ញុំ​បាន​ទិញ​នៅផ្សារ។ មិន​យូរ​ប៉ុន្មាន​ពួក​គេ​ចាប់ផ្ដើម​សុំ​លុយ​ពីយើង ​និង​សុំ​កងដៃ​ និង​កងជើង​របស់ខ្ញុំ។ ​ពួកយើង​បាន​ធូរ​ចិត្ដ​បន្តិច ​​ពេលឃើញ​មាន​ស្ដ្រី​អ្នក​ភូមិមួយ​ចំនួន ​រត់​យ៉ាង​ប្រញាប់​ប្រញាល់​​មករកយើង ហើយ​យើង​សង្ឃឹម​ថា ​ស្ដ្រី​ទាំងនោះ​អាច​ធ្វើឲ្យភាព​ជ្រួល​ច្របល់​ដែល​បាន​ស្វាគមន៍​យើង​កន្លង​មក​នេះ ​មាន​សណ្ដាប់ធ្នាប់​ឡើងវិញ។ ប៉ុន្ដែ​ផ្ទុយទៅវិញ​ ស្ដ្រី​ទាំងនោះ​បាន​ត្រឹម​តែ​ឈរ​សម្លឹង​មើល និង​លើក​ទឹក​ចិត្ដ​ក្មេងៗ​ឲ្យ​បន្ដទៅទៀត​។ ខ្ញុំមាន​អារម្មណ៍​ថាវា​​ហួសហេតុ​ខ្លាំង ណាស់។ ចំណុច​ត្រង់នេះ​ហើយ ​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​យ៉ាងខ្លាំង។ ច្បាស់​ណាស់​ប្រាកដ​ជា​មាន​ភ្ញៀវ​ជាច្រើន​ធ្វើដំណើរ​មក​កាន់​ភូមិ​នេះ​ពីមុន​មក​ ហើយ​កុមារ​ទាំង​អស់​នេះ​បាន​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង។ ក្មេងៗ និងមនុស្សធំទាំងអស់​នេះ​បាន​ចាប់ផ្ដើម​មើល​ឃើញ​ទេសចរណ៍​ទាំង​អស់នេះ​ថា​ ជាអ្នកនាំយក​អំណោយ​មក​ឲ្យ​ពួកគេ​ភ្លាមៗ​ មិន​ថានោះ​ជាលុយ គ្រឿង​អលង្កា ឬទ្រព្យ​សម្បត្ដិដទៃទៀត​ដែល​ពួកគេ​យល់​ព្រម

ដោយ​យើង​មិនអា​ចគ្រប់គ្រង​ស្ថាន​ភាពបាន យើងចាប់​ផ្ដើម​​មានអារម្មណ៍​ធុញ​ទ្រាន់​យ៉ាង​​ខ្លាំង។ យើងបាន​​ហុច​ស្បោង​ដាក់ប្រដាប់លេង​ទៅ​ឲ្យ​មគ្គុទេសក៍​ទេសចរណ៍​ម្នាក់​ដោយ​គិត​ថា​គាត់ប្រហែល​ជាអាច​គ្រប់គ្រងចរន្ដដៃ មុខ និង​ពាក្យ​អង្វរ​បាន​ច្រើន​ជាង​យើង។ កុមារ​រត់​ទៅរក​គាត់​ ​ហើយ​ចាប់​ផ្ដើមកញ្ឆក់​ប្រដាប់​លេង​ពីដៃ​គាត់។ ភ្លាមនោះ​​ក្មេង​​ម្នាក់​បាន​ប្រជ្រៀត​ទៅ​ដល់​ខាង​​មុខ ហើយទាញ​បាន​ស្បោង​ទាំង​មូល។ ស្ដ្រី​ម្នាក់​ចាប់​ក្មេង​នោះ​បាន​យ៉ាង​រហ័ស ហើយ​ឆក់​យក​ស្បោងពីដៃ​របស់​ក្មេង​ រួច​បែរ​ខ្នង​រត់គេចយ៉ាង​លឿន​តាម​ដែល​អាច​ធ្វើ​បាន​ឆ្ពោះ​ទៅកាន់​ ភូមិ។ យើង​បាន​សម្លឹង​មើល​នាង​យ៉ាង​មិនគួរឲ្យ​ជឿ រហូត​ទាល់តែនាង​ទៅដល់ខ្ទម ហើយបាត់​ស្រមោល​ចូលទៅ​ក្នុង​ខ្ទម​នោះ ដោយមាន​កុមារ​ប៉ុន្មាន​នាក់​រត់​តាម​ពីក្រោយ​ និងបន្សល់​ទុក​តែ​ដី​ហុយទ្រលោម។ ពួកយើង​ឈរ​រឹង​ខ្លួនឥត​កម្រើក។ ស្ដ្រី​ដែល​នៅសល់​និយាយ​ប៉ុន្មាន​ម៉ាត់​ចេញ​មក ហើយ​ក្មេងៗ​ក៏​ចាប់ផ្ដើម​បែក​ផ្លូ​វគ្នា​អស់ទៅ។ ថ្វីបើ​ពួកយើង​នៅ​ទីនោះ​​ត្រឹមតែ​ប្រមាណ​ ៣០ នាទី ទៀត​ប៉ុណ្ណោះក្ដី ប៉ុន្ដែ​​បទពិសោធន៍នេះ​មាន​ផលប៉ះពាល់​ដ៏​ជ្រាល​ជ្រៅ​មក​លើ​​រូបខ្ញុំ។

យើង​អាចមើលឃើញ​យ៉ាង​ច្បាស់ក្រឡែត​​នូវហានិភ័យ និងភាពងាយរងគ្រោះ​ចំពោះ​ក្មេងស្រី និង​ក្មេងប្រុស ក៏ដូច​ជាចំពោះ​សហគមន៍​នេះ។ ថ្វីបើ​ភ្ញៀវភាគ​ច្រើនមានការ​គោរព និង​សុភាព​រាបសារក្ដី ​ប៉ុន្តែជានិច្ចកាលតែងមាន​ភ្ញៀវមួយ​ចំនួនដែល​អាច​កេង​ចំណេញ​ពីស្ថានភាព​នេះ។ ពេល​ខ្ញុំ​ជា​ក្មេង​ ម្ដាយ​របស់ខ្ញុំ​បាន​បង្រៀនខ្ញុំ​កុំ​ឲ្យទទួល​យក​អំណោយ​ពីមនុស្ស​មិនស្គាល់​មុខ ដើម្បីជា​​យន្ដការ​ការពារខ្លួន​​ពីគ្រោះថ្នាក់ រួម​ទាំងការ​រំលោភបំពានផ្លូវភេទផងដែរ។ ហេតុនេះ ​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ពេលនោះ តើ​ខ្ញុំ​កំពុង​​លើកទឹកចិត្ដ​ក្មេងៗឲ្យ​ទទួល​យក​អំណោយ​ពីខ្ញុំ ឬ? តើ​​ខ្ញុំ​កំពុង​ជាន់​ឈ្លី​លើ​និយាម​វប្បធម៌​អ្វីខ្លះ ហើយតើ​ទម្លាប់ថ្មីៗ​ទាំង​នេះ​គឺជា​ឧត្ដម​ប្រយោជន៍សម្រាប់​ក្មេង​ស្រី​ និងក្មេង​ប្រុស​ទាំងនេះ​ ឬទេ? តាមពិត​ ប្រាកដជា​មាន​វិធី​ប្រសើរ​ជាង​នេះ​ដើម្បីយក​លុយ​ ​វិភាគទាន​ទេសចរណ៍​របស់​យើង​​ ទៅ​​គាំទ្រកុមារទាំងអស់នេះ​ដោយ​និរន្ដរភាព ជាជាង​​ដាក់កុមារ​ឲ្យ​ប្រឈម​ហានិភ័យ​កាន់តែខ្ពស់ចំពោះ​ការរលោភ​បំពាន រួមទាំង​ការរំលោភ​បំពាន​ផ្លូវ​ភេទ​តាម ​រយៈ​​ការ​លើកទឹកចិត្ដពួកគេ​ឲ្យ​ជឿ​ទុកចិត្ដលើមនុស្សមិន​ស្គាល់​មុខ​។ យើង​មើលឃើញ​យ៉ាង​ច្បាស់​​ថា​ អ្នកភូមិ​ដែល​ជាសហគមន៍​មួយ​ចាំបាច់ត្រូវតែ​ចូលរួម​ឲ្យ​បាន​កាន់តែប្រសើរ​ជាង​នេះ។

ខ្ញុំបានស្នើយោបល់​ទៅដល់​មគ្គុទេសក៍ទេសចរណ៍​របស់​យើង​ថា នាពេល​អនាគត​មិនគួរ​លើកទឹកចិត្ដអ្នកធ្វើដំណើរ​ឲ្យផ្ដល់​អំណោយ​ដោយផ្ទាល់​ទៅដល់កុមារ​ឡើយ​ ហើយ​ជំនួស​មក​វិញ ពួកគេ​​អាច​​ផ្ដល់​អំណោយឲ្យ​​ដោយ​​ការ​ទទួលខុសត្រូវ ពោលគឺ​ត្រូវ​ផ្ដល់​ទៅឲ្យ​គណៈកម្មាការ​កណ្ដាល​របស់ភូមិ​ ឬ​ស្ថាប័ន​ប្រចាំសហគមន៍​នៅ​ទីនោះ។ អំណោយ​ទាំងអស់នេះ ​អាច​យក​ទៅ​​បរិច្ចាគ​​ឲ្យ​សាលារៀន គ្លីនិក ឬគ្រឹះស្ថាន​ប្រចាំ​ភូមិ​ដទៃទៀត សម្រាប់​​កុមារ​ដែល​ពួកគេ​យល់​ឃើញ​ថា​មាន​ភាព​ស័ក្ដិ​សម​។ ភ្លាមនោះ មគ្គុទេសក៍ទេសចរណ៍​របស់​យើង​បង្ហាញ​ការ​​​ពេញ​ចិត្ដ​ចំពោះ​គំនិត​នេះ ដោយ​ពួកគេ​​ទទួលស្គាល់ថា គំនិតនេះ​អាច​មានផលប៉ះពាល់​ល្អៗ​​ជាច្រើន​ចំពោះភូមិ។ ខ្ញុំ​មើលឃើញ​កង្វល់​ដែល​ចាក់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត​​​អ្នក​នាំផ្លូវ​របស់យើងចំពោះ​កុមារ និងសហគមន៍មូលដ្ឋានទាំងនោះដែរ។ ពួកគេ​បាន​មើល​ឃើញ​រឿងរ៉ាវ​ទាំង​នេះនៅចំពោះមុខ​ពួកគេផ្ទាល់ ប៉ុន្ដែ​ពួកគេ​មិនប្រាកដថា​តើ​ត្រូវ​​​ធ្វើ​យ៉ាងណា​ដើម្បី​​ឆ្លើយតប​នោះ​ឡើយ។ ពួក​គេ​ប្ដេជ្ញាចិត្ដថា​នឹង​ពិភាក្សា​រឿង​នេះ​ជាមួយ​ប្រតិបត្ដិករ​ទេសចរណ៍​របស់ខ្លួន​ ក៏​ដូចជាជាមួយ​មេ​ភូមិ។

ក្នុងនាមជាអ្នកទេសចរណ៍ និងអ្នកធ្វើដំណើរ គំនិត​ទាំងឡាយ​ដែល​យើង​ទទួល​បាន​ស្ដីពីជីវិត​របស់អ្នក​ដទៃ ​នោះគឺជាកិត្ដិយស​របស់​យើង​ខ្លាំងណាស់។ នៅ​ពេល​ដែល​​ចំនួន​មនុស្ស​ក្នុង​សហ​គមន៍​ការធ្វើ​ដំណើរ​សកលលោក​បាន​ឡើងដល់​ ១ រយកោដិនាក់ យើង​មាន​ចំណែក​ដ៏​សំខាន់ដែល​ត្រូវដើរ​តួ​ដើម្បី​ធានា​ឲ្យបាន​ថា​ផលប៉ះពាល់ដែលយើងមាន​ មិន​ថា​ជាលក្ខណៈ​បុគ្គល​ក្ដី​គឺត្រូវតែ​ជា​ផល​ប៉ះពាល់​វិជ្ជមានបំផុត​តាមដែល​អាចធ្វើបាន​ទៅលើសហគមន៍​​ម្ចាស់​ស្រុក។ សូម​ចូលរួម​ជាមួយ​ដំណើរ​របស់យើង និង ទទួលសម្បថ ក្នុងថ្ងៃនេះ​ដើម្បីក្លាយ​ជា​អ្នកដំណើរដែលជួយរក្សា​សុវត្ថិភាពកុមារ។