Child Safe Tourism

October 13, 2014

ការរក្សា​សុវត្ថិភាព​កុមារ​តាមបណ្តាញ​អ៊ីនធើណេត

សំណេរ​របស់​ភ្ញៀវ – ការកេងប្រវ័ញ្ច​លើ​កុមារ និង​មជ្ឈមណ្ឌល​ការពារ​តាមប្រព័ន្ធ​អ៊ីនធើណេត

បច្ចេកវិទ្យា​ឌីជីថល​គឺ​មានសារៈ​សំខាន់​ណាស់​សម្រាប់​កុមារ និង​មនុស្ស​វ័យក្មេង។ ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ដើម្បី​រៀនសូត្រ លេង​កំសាន្ត ជួបជុំ និង​បង្ហាញ​អំពី​ខ្លួនឯង ដោយ​ប្រើ​វិធីសាស្រ្ត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​គ្រប់ប្រភេទ មិនថា​ជាការ​ចែករំលែក​រូបថត និង​វីដេអូ ការសរសេរ​ក្នុង​ប្លុក ការលេងហ្គេម ឬ​ការបង្កើត​កម្មវិធី​របស់​ខ្លួន​ផ្ទាល់​នោះឡើយ។ មាន​ឱកាស​ដ៏​គួរឲ្យ​អស្ចារ្យ​ជាច្រើន​នៅក្នុងនោះ។

ប៉ុន្តែ​ បច្ចេកវិទ្យា​ឌីជីថល​ក៏​បង្កប់​នូវ​ហានីភ័យ​ដ៏ធ្ងន់ធ្ងរ​មួយចំនួន​ចំពោះ​កុមារ​ផងដែរ។ មានចំណង​ទាក់ទង​រវាង​ការរំលោភ​បំពាន​កុមារ​នៅក្នុង​បរិបទ​ទេសចរណ៍ និង​បច្ចេកវិទ្យា​ឌីជីថល។ ជនល្មើស​ផ្លូវភេទ​កុមារ ជារឿយៗ​តែង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ដើម្បី​ចូល​ទៅរក និង​លួង​លោម​កុមារ​សម្រាប់​គោលបំណង​រំលោភបំពាន​ផ្លូវភេទ​តាម​បណ្តាញ​អ៊ីនធើណេត។ ឪពុក​ម្តាយ និង​អ្នក​ថែ​ទាំ​អាច​បង្កើត​ឲ្យ​មាន​ភាព​ខុសប្លែក​យ៉ាង​សំខាន់​ក្នុង​ការកាត់​បន្ថយ​ហានីភ័យ​ដែល​កុមារ​ជួបប្រទះនៅលើ​អ៊ីនធើណេត ហើយ​ជួយ​រក្សា​សុវត្ថិភាព​ពួកគេ។ ជាការ​សំខាន់​ណាស់​ដែល​ឪពុកម្តាយ និង​អ្នកមើលថែ​ត្រូវ​យល់​​អំពី​អ្វី​ដែល​កុមារ​កំពុង​ធ្វើ​នៅលើ​អ៊ីនធើណេត និង​និយាយ​ជាមួយ​ពួកគេ​អំពី​ហានីភ័យ​ដែលមាន។

សារគន្លឹះ​សំខាន់ៗ​របស់​យើង​សម្រាប់​ឪពុកម្តាយ​ និង​អ្នកមើលថែ៖

  • សូមឲ្យ​កូន​អ្នក​បង្ហាញ​អំពី​គេហទំព័រ​ដែល​ពួកគេ​ប្រើប្រាស់​ឲ្យ​អ្នកឃើញ៖ តាមរយៈ​ការធ្វើបែបនេះ កូន​អ្នក​បានរួម​បញ្ចូល​អ្នក​នៅក្នុង​ជីវិត​​ តាមប្រព័ន្ធ​អ៊ីនធើណេត និង​សកម្មភាព​សង្គម​សំខាន់ៗ​របស់​ពួកគេ។ តាមរយៈ​ការបង្ហាញ​ចំណាប់​អារម្មណ៍ និង​កត់សម្គាល់​លើ​ឈ្មោះ​បណ្តាញ​អ៊ីនធើណេត​ដែល​ពួក​គេ​ចូលចិត្ត អ្នកអាច​ទៅ​បើក​មើល​បណ្តាញ​ទាំងអស់​នេះ​ឡើង​វិញ​ពេល​អ្នក​នៅ​ម្នាក់ឯង សូម​ចំណាយ​ពេល និង​ស្វែង​យល់​អំពី​ទីនោះ រក​វិធី​ដើម្បី​កំណត់​លក្ខណៈ​សុវត្ថិភាព និង​សិក្សា​អំពី​របៀប​រាយការណ៍​ដោយផ្ទាល់​ទៅដល់​បណ្តាញ​នោះ។
  • ធានា​ថាកូន​របស់​អ្នក​បាន​កំណត់ profile របស់​ខ្លួន​ឲ្យ​មាន​លក្ខណៈ​ឯកជន៖ បណ្តាញ​​សង្គម​ដូចជា Facebook, YouTube និង Instagram ជាដើម ត្រូវ​បាន​កុមារ​ប្រើប្រាស់​ដើម្បី​ចែក​រំលែក​ព័ត៌មាន រូបថត និង​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួកគេ​ធ្វើ! សូម​លើកទឹកចិត្ត​កូនអ្នក​ឲ្យ​កំណត់​លក្ខណៈ​ផ្ទាល់ខ្លួន​របស់​ខ្លួន (privacy setting) ឲ្យ​ទៅជា​ឯកជន (private) ហេតុនេះ​​មានតែ​មិត្តភក្តិ​ពិត​ប្រាកដ​របស់​ពួកគេ​ប៉ុណ្ណោះ​ដែល​អាច​មើលឃើញ​ខ្លឹមសារ​នៅក្នុង​នោះ (មិត្តភក្តិ​ទាំងអស់​នេះ​គួរតែ​ជា​មនុស្ស​ដែល​ពួកគេ​ស្គាល់ និង​ជឿទុកចិត្ត​នៅក្នុង​ពិភព​ជាក់ស្តែង​តែ​ប៉ុណ្ណោះ)។ ពួកគេ​ចាំបាច់​ត្រូវ​គិត​​អំពី​ព័ត៌មាន​ដែល​ពួកគេ​បាន​ដាក់​នៅ​លើ​បណ្តាញ​អ៊ីនធើណេត ដោយ​ហេតុថា​ព័ត៌មាន​ទាំងអស់​នេះ​អាច​ត្រូវបាន​ថតចម្លង​ និង​ចែកចាយ​នៅគ្រប់​ទីកន្លែង​​ដោយ​ពុំមាន​ការអនុញ្ញាត​ពីរូបគេ។ ប្រសិនបើ​​ព័ត៌មាន​ទាំងអស់នេះ​ធ្លាក់​ទៅក្នុង​ដៃ​មនុស្ស​មិនត្រឹមត្រូវ មនុស្ស​មួយចំនួន​អាច​ប្រើប្រាស់​ព័ត៌មាន​ទាំងនោះ​ប្រឆាំង​នឹង​កូនអ្នក​វិញ ឬ​អាក្រក់​ជាងនេះ​ទៅទៀត​នោះ គឺ​ពួកគេ​នឹង​ព្យាយាម​ស្វែង​រក​ទីកន្លែង​របស់​កុមារ​នៅក្នុង​ពិភព​​​លោក​ជាក់ស្តែង។
  • សួរកួន​របស់​អ្នក​អំពី​មិត្តភក្តិ​តាមបណ្តាញ​អ៊ីនធើណេត​របស់​គេ៖ យើង​ដឹង​ថា​​មនុស្ស​និយាយ​កុហក​តាមបណ្តាញ​អ៊ីនធើណេត​អំពី​ខ្លួន​ពួកគេ ហើយ​អាច​បង្កើត​អត្តសញ្ញាណ​ក្លែងបន្លំ​ផងដែរ។ ជាការសំខាន់​ណាស់​ដែល​កុមារ​ត្រូវ​យល់​អំពី​ចំណុច​នេះ។ កុមារ និង​មនុស្ស​វ័យក្មេង​មិនត្រូវ​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​គេ​ទៅ​អ្នកដទៃ​នោះឡើយ ហើយ​ត្រូវ​​ធ្វើ​ជា “friends” តែ​ជាមួយ​មនុស្ស​ដែល​ពួកគេ​ស្គាល់ និង​ទុកចិត្ត​នៅក្នុង​ពិភព​ជាក់ស្តែង​ប៉ុណ្ណោះ។ ចូរនិយាយ​អំពី​របៀប​ដែល​កុមារ​អាច​រក្សា​សុវត្ថិភាព​ខ្លួន​ឯង​បាន​ប្រសិនបើ​ពួកគេ​ចង់​ជួប​មិត្តភក្តិ “online” របស់​ពួកគេ​ រួម​ទាំង​ត្រូវ​ទៅជួប​តែ​នៅ​ទីសាធារណៈ ត្រូវ​នាំយក​មិត្តភក្តិ​យ៉ាងហោចណាស់​ម្នាក់​ទៅជាមួយ​ និង​ត្រូវ​ប្រាប់​អ្នកឲ្យដឹង​អំពី​ផែនការ​របស់​គេ។
  • កំណត់​ការគ្រប់គ្រង​របស់​ឪពុកម្តាយ​យ៉ាងសមស្រប​ទៅលើ​កុំព្យូទ័រ​ ទូរស័ព្ទដៃ និង​ឧបករណ៍​លេងហ្គេម​របស់​កូន​អ្នក​៖ Filters នៅ​លើ​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​ អាច​ការពារ​​មិនឲ្យ​កូនអ្នក​បើកមើលខ្លឹមសារ​​មិនសមស្រប​ និង​ខ្លឹមសារ​ដែល​​អាច​មាន​លទ្ធភាព​ខុស​ច្បាប់។ អ្នកអាច activate និង​ផ្លាស់​ប្តូរ​កម្រិត​អាស្រ័យ​ទៅតាម​អាយុ និង​សមត្ថភាព​​របស់​កូនអ្នក។ អ្នក​ក៏អាច​​កំណត់​ពេល​វេលា​សម្រាប់​ការប្រើប្រាស់​អ៊ីនធើណេត ឬ​ហ្គេម​បាន​ផងដែរ។ កម្មវិធី​ទាំងនោះ​​អាច​ជា​កម្មវិធី​ឥតគិតថ្លៃ និង​ងាយស្រួល​ដំឡើង។ សូមទូរស័ព្ទ​ទៅកាន់​អ្នក​ផ្តល់​សេវា​របស់​អ្នក​ដែល​អាច​ជួយ​សម្រួល​អ្នក​ទាក់ទង​ជាមួយ​បញ្ហា​នេះ ឬ​បើក​មើល CEOP’s parents site ដើម្បី​ពិនិត្យ​មើល​ព័ត៌មាន​បន្ថែម​ទៀត។
  • ជជែក​ជាមួយ​កូន​របស់​អ្នក​អំពី​បច្ចេកវិទ្យា​ឌីជីថល និង​គ្រោះថ្នាក់​តាម​ប្រព័ន្ធ​អ៊ីនធើណេត៖ មិនមែន​ជារឿង​ប្លែក​នោះឡើយ​ដែល​កុមារ​អាច​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​តាម​ប្រព័ន្ធ​អ៊ីនធើណេត​ដែល​ពួកគេ​មាន​អារម្មណ៍​មិនសូវ​ល្អ ឬ​មើលឃើញ​អ្វី​ម្យ៉ាង​ដែល​ពួកគេ​ពុំ​ចង់ឃើញ។ តាមរយៈ​ការបើកចំហរ​បណ្តាញ​ប្រាស្រ័យ​ទាក់ទង និ​ង​ជជែក​ជាមួយ​កូនអ្នក​អំពី​ប្រព័ន្ធ​អ៊ីនធើណេត បណ្តាញ​ដែល​ពួកគេ​ចូលចិត្ត​ និង​ហានីភ័យ​នានា​ដែល​ពួកគេ​អាច​ជួបប្រទះ នោះ​កុមារ​ទំនង​ជា​បែរ​មករក​អ្នក​ប្រសិនបើ​ពួកគេ​មានក្តី​បារម្ភ​អំពី​អ្វី​ម្យ៉ាង។
  • ដឹង​កន្លែង​ដើម្បី​ស្វែង​រកជំនួយ​ប្រសិន​បើ​អ្នក​បារម្ភ​អំពី​កូនអ្នក៖ ក្នុង​ករណី​បន្ទាន់ សូម​ទំនាក់ទំនង​ទៅកាន់​ប៉ូលីស​មូលដ្ឋាន​របស់​អ្នក។

សម្រាប់ព័ត៌មាន និង​ប្រភព​ធនធាន​​បន្ថែមស្តីពី​ការរក្សា​សុវត្ថិភាព​កុមារ​តាមប្រព័ន្ធ​អ៊ីនធើណេត សូម​បើកមើល CEOP’s Thinkuknow website.