Child Safe Tourism

August 14, 2014

ចុះ​ចំណែក​កុមារវិញ?

Gសំណេរ​របស់​ភ្ញៀវ – Willem Niemeijer ស្ថាបនិក និង​ CEO របស់​ក្រុមហ៊ុន Khiri Travel

ឧស្សាហកម្ម​ការធ្វើ​ដំណើរ និង​ទេសចរណ៍​ ទទួល​ខុសត្រូវ​លើ​ការងារ ១ ​​ក្នុង​ចំណោម​ការងារ ១១ ទូទាំង​ពិភពលោក។ យោងតាម​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចាត់តាំង​ដោយ WTTC (ផលប៉ះពាល់​សេដ្ឋកិច្ច​របស់​ការធ្វើ​ដំណើរ និង​ទេសចរណ៍​ ឆ្នាំ ២០១៤) បាន​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​នេះ​គឺ​ជា​ឧស្សាហកម្ម​បង្កើត​មុខរបរ​​ខ្ពស់​បំផុត​មួយ​ បន្ទាប់​ពី​វិស័យ​អប់រំ​​ និង​បាន​ផ្តល់​ការងារ​ដោយផ្ទាល់​ដល់​មនុស្ស​ជាង ១០០ លាននាក់​​នៅទូទាំង​ពិភពលោក និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ដល់​មនុស្ស​រហូត​ដល់ ២៦៥ លាន​នាក់។ ឧស្សាហកម្ម​នេះ​ក៏​ជា​ឧស្សាហកម្ម​ដែល​មានលក្ខណៈ​ពិសេស​ដោយឡែក​ផងដែរ ដោយ​ក្នុង​នោះ​ភាគី​ពាក់ព័ន្ធ ជារឿយៗ​ច្រើនតែ​ពុំ​មាន​ទំនាក់ទំនង​បុគ្គល​ដោយផ្ទាល់​ឡើយ។ អាជីវកម្ម​ដែល​មាននិន្នាការ​ផ្អែក​លើ​​មនុស្ស​នេះ ត្រូវ​បាន​​ពង្រឹង​បន្ថែម​ទៀត​ដោយ​អំណាច​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​វិស័យ​​សាធារណៈ និង​វិស័យ​ឯកជន ព្រមទាំង​អ្នកដើរតួ​ក្នុង​ឧស្សាហកម្ម និង​អ្នកធ្វើដំណើរ​ សុទ្ធតែ​មានលទ្ធភាព​ដ៏ច្រើន​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​​នៅ​គ្រប់កម្រិត​ទាំងអស់។

ចំណុច​នេះ​បើកចំហរ​ឲ្យ​មាន​ឱកាស​ដ៏ធំ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នេះ​ក្នុង​ការរួមដៃ​គ្នា និង​ប្រឈម​មុខ​ដោយ​អង់អាច​ចំពោះ​បញ្ហា​ការកេងប្រវ័ញ្ច និង​រំលោភ​បំពាន​លើ​កុមារ។

ផែនទី​ចង្អុល​ផ្លូ​វត្រូវ​បាន​រៀបចំ​រួច​មកហើយ​ដោយ​​ការងារ​ថ្មីស្រឡាង​របស់​ NGOs ដូចជា​អង្គការ Friends-International បណ្តាញ​សុវត្ថិភាព​កុមារ និង​អង្គការ​ទស្សនៈ​ពិភពលោក​ជាដើម។ ពួកគេ​មានបទពិសោធន៍​ជា​ច្រើនឆ្នាំ​ជាមួយ​តថភាព​ជាក់ស្តែង​នៅមូលដ្ឋាន​ដែល​កុមារ និង​គ្រួសារ​កុមារ​ជួប​ប្រទះ។ ពួកគេ​ដឹង​ពី​ការលំបាក​ក្នុង​ការបំបែក​វដ្ដ​ដ៏​អាក្រក់​នៃ​ភាព​ក្រីក្រ​ដែល​បាន​ផ្តន្ទា​កុមារ​ឲ្យ​ធ្វើការ​លក់​កម្រង​ផ្កា​នៅតាម​​ផ្លូវ​បំបែក​មាន​មនុស្ស​ច្រើន ជា​អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍ ឬ​ជា​អ្នកសុំទាន​នៅតាមផ្លូវ។ ការងារ​ទាំងអស់​នេះ​មាន​ចំណូល​គួរឲ្យ​ទាក់ទាញ ហើយ​គួរ​ឲ្យ​សោកស្តាយ មុខរបរ​ទាំងនេះ​ច្រើនតែ​ជា​ជម្រើស​ដ៏ចាំបាច់​​ជំនួស​ឲ្យ​កុមារ​ទៅសាលារៀន​ និង​មាន​​ជីវិត​កុមារភាព​​ដែល​មិនចាំបាច់​ខ្វល់ខ្វាយ។

មិនខុសពី​ករណី​សព្វ​មួយដង​ឡើយ ចំណុច​ចាប់ផ្តើម​គឹ​ស្ថិត​នៅលើ​ការលើក​កម្ពស់​ការយល់ដឹង។ ការបណ្តុះបណ្តាល និង​ព័ត៌មាន​ គឺជា​គន្លឹះ​ដ៏​សំខាន់។ ចំពោះ Khiri Travel ​ការធ្វើ​ជា​ដៃគូ​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក​ គឺជា​រឿង​ដ៏​គួរ​ឲ្យ​រីករាយ និង​ជាការ​ជម្រុញ​​ទឹកចិត្ត​យ៉ាងខ្លាំង។ យើង​បាន​បន្ថែម​មេរៀន​ថែមទៀត​ទៅលើ​មគ្គុទេសក៍​ជារយៈៗ​ និង​វគ្គ​បណ្តុះបណ្តាល​បុគ្គលិក​ការិយាល័យ ដោយ​បាន​រួម​គ្នា​បង្កើតខិត្តប័ណ្ណ​ព័ត៌មានដែល​យើង​បាន​ចែក​ទៅឲ្យ​ភ្ញៀវ និង​ជួយផ្សព្វផ្សាយសារ​នៅក្នុង​កិច្ច​ប្រជុំ​ និង​វេទិកា​របស់​ឧស្សាហកម្ម​នេះ។

នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការប្តេជ្ញាចិត្ត​របស់​យើង​ខ្ញុំ​ចំពោះ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​​តែ​ប៉ុណ្ណោះ។ យើង​មាន​បំណង​ពង្រីក​ការគាំទ្រ​អង្គការ​សហគ្រាស​សង្គម ដែល​ផ្តល់​ជា​ជម្រើស​ជំនួស​ដល់​កុមារ​ងាយ​រងគ្រោះ ដូចជា​វគ្គបណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ការសន្យា​​ផ្តល់​ការងារ​នៅក្នុង​វិស័យ​ការធ្វើដំណើរ និង​ទេសចរណ៍។ ព្រមជាមួយ​នេះ ក៏​មាន NGOs ដែល​យើងចង់ឲ្យ​លោក​អ្នក​ជួយ​គាំទ្រ​ មិនថា​គាំទ្រ​ដោយផ្ទាល់ ឬ​តាមរយៈ​សាខា​មនុស្សធម៌​របស់​យើង គឺ​ Khiri Reach ​(ដោយ​ក្នុង​នោះ ការបរិច្ចាគ​ ១០០% របស់​អ្នក​ នឹង​ត្រូវបាន​បញ្ជូន​ទៅឲ្យ​ផ្ទាល់ដៃ)។ ដោយឡែក ក្រុមហ៊ុន​នានា​ដែល​ធ្វើ​អាជីវកម្ម ក៏​ដូចជា​អ្នក​ដែល​ធ្វើ​​ដំណើរ​​ទៅទស្សនា​តំបន់​ប្រឈម​ហានីភ័យ​ខ្ពស់ អាច​ធ្វើសកម្មភាព​មួយចំនួន​​​បន្ថែម​ទៀត ដោយ​មិន​គ្រាន់តែ​ធ្វើ​​ជា​អ្នកឈរមើល​នោះឡើយ។ ការការពារ​កុមារ​​​គឺជា​ការងារ​របស់​មនុស្ស​គ្រប់រូប។