Child Safe Tourism

June 4, 2014

ការយល់ដឹង​មានកម្រិត​កំណត់​ស្តីពី​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ធ្វើ​ឲ្យ​កុមារ​ត្រូវ​ប្រឈមហានីភ័យ

ក្រុង​បាងកក ប្រទេស​ថៃ

មនុស្សធំ និង​កុមារ​ជាច្រើន​ក្នុង​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម មាន​ការយល់ដឹង​មាន​កម្រិត​កំណត់​ស្តីពី​ធាតុ​ដែល​បង្កើត​ឲ្យ​មាន​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ និង​អំពី​របៀប​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ នេះ​គឺជា​ការបង្ហាញ​ឲ្យ​ដឹង​ពី​របាយការណ៍​ថ្មី​មួយ​មាន​ចំណង​ជើង​ថា ការរួមភេទ ការរំលោភ​បំពាន និង​កុមារភាព៖ ការសិក្សា​ស្តីពី​ចំណេះដឹង ឥរិយាបថ និង​ការអនុវត្ត​ពាក់ព័ន្ធ​នឹង​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ រួមទាំង​នៅក្នុង​វិស័យ​ការធ្វើដំណើរ និង​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​នេះ​ដោយ​ផ្នែក​បង្ការ​របស់​គម្រោង​កុមារភាព បាន​រកឃើញ​ថា​ កុមារ​ និង​មនុស្ស​ពេញវ័យ​ភាគច្រើន​​យល់​អត្ថន័យ​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​ន័យ​យ៉ាង​ចង្អៀត​ថា​ជា​ការរំលោភ​​សេពសន្ថវៈ​ដែល​មាន​ការស៊ក​បញ្ចូល​ទៅលើ​ក្មេងស្រី។ ទង្វើរ​ដែល​មាន​លក្ខណៈ​រំលោភ​បំពាន​ផ្លូវភេទ​ដទៃទៀត (ដូចជា​ការប៉ះពាល់​មិនសមស្រប ឬ​បទពិសោធន៍​ជាមួយ​រូបភាព​អាសអាភាស​ជាដើម) ជាទូទៅ​មិនត្រូវ​​​បានគេ​កត់សម្គាល់ទេ ​ហើយ​​ដូចគ្នា​នេះដែរចំពោះ​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​ក្មេងប្រុស។

Aarti Kapoor អ្នកគ្រប់គ្រង​កម្មវិធី​ផ្នែក​បង្ការ​របស់​​គម្រោង​កុមារ​ភាព បាន​បញ្ជាក់​ថា “ការយល់ដឹង​មាន​កំណត់​ស្តីពី​ការរំលោភ​បំពាន​ផ្លូវភេទ​ចំពោះ​កុមារ ​ពីសំណាក់​កុមារ និង​មនុស្ស​ធំ មានន័យ​ថា ករណី​អាច​កើត​មានឡើង​ដោយ​ពុំមាន​នរណា​ចាប់អារម្មណ៍។ យើង​ដឹង​ថា​ជារឿយៗ ការរំលោភ​បំពាន​ផ្លូវភេទ​កុមារ​តែង​ចាប់​ផ្តើម​ជាមួយ​ការលួងលោម​កុមារ ពាក្យ​សម្តី​មិនសមរម្យ និង​ការប៉ះពាល់​មិនសមរម្យ ហើយ​​ឈាន​ឡើង​ទៅដល់​ទម្រង់​ធ្ងន់ធ្ងរ​ដទៃទៀត​នៃ​ការរំលោភ​បំពាន​នាពេល​ក្រោយៗ​មក។ ជនល្មើស​ផ្លូវភេទ​កុមារ ជារឿយៗ គឺជា​មនុស្ស​ដែល​គ្រួសារ​កុមារស្គាល់​ ហើយ​គេ​ផ្តោត​គោលដៅ​ទាំង​ទៅលើ​ក្មេង​ស្រី និង​ក្មេងប្រុស ទោះជា​យ៉ាង​នេះ​ក្តី មាន​ការយល់ដឹង​តិចតួច​ប៉ុណ្ណោះ​អំពី​ចំណុច​នេះ​ក្នុង​ចំណោម​មនុស្ស​ដែល​យើង​បាន​និយាយ​ជាមួយ”

កុមារ និង​មនុស្ស​ពេញ​វ័យ​ជាង ៦០០ នាក់​ក្នុង​ប្រទេស​ថៃ ប្រទេស​វៀតណាម​ ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា ត្រូវ​បាន​សម្ភាស​​ក្នុង​ការសិក្សា​នេះ ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​នេះ​ក្នុង​ក្រុង​បាងកក​ ប្រទេស​ថៃ ស្រប​ពេល​ជាមួយ​ទិវា​អន្តរជាតិ​នៃ​​កុមារឥត​ដឹងអី​​ដែល​ជា​ជន​រងគ្រោះ​នៃ​​​ទង្វើរ​ដោយ​កំរោល។

ក្នុង​ចំណោម​ក្រុម​ទាំងអស់​ដែល​បាន​សម្ភាស ឪពុកម្តាយ​មាន​កម្រិត​​យល់ដឹង​ទាប​ជាងគេ​បំផុត​ស្តីពី​បញ្ហា​ទាក់ទង​នឹង​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ។ Afrooz Kaviani Johnson នាយក​បច្ចេកទេសនៃ​ផ្នែក​បង្ការ​របស់​គម្រោង​កុមារភាព​ បាន​បញ្ជាក់ថា “កង្វះ​ការយល់ដឹង​អំពី​មូលដ្ឋាន​គ្រឹះ​នៃការ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ មានន័យ​​ថា​ឪពុក​ម្តាយ​មិន​ទំនង​ជា​អាច​កំណត់​​ឃើញ​ហានីភ័យ និង​ករណី​បាន​តាំងពី​ដើម​នៅក្នុង​ទំនាក់ទំនង​ដែល​មាន​ការរំលោភ​បំពាន​ឡើយ។ ឪពុកម្តាយ​ប្រហែល​ជា​បាត់បង់​ឱកាស​ធ្វើ​អន្តរាគមន៍​ ហើយ​កង្វះ​ការយល់ដឹង​ក៏អាច​ជះ​ឥទ្ធិពល​ដល់​ការឆ្លើយតប​ជាទូទៅ​របស់​ពួកគេ​ចំពោះ​សេចក្តី​ត្រូវការ​របស់​កុមារ​ផងដែរ”

របាយការណ៍​នេះ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ការអប់រំ​​ដើម្បី​បង្ការ​ការរំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ ជាពិសេស​គឺ​សម្រាប់​ឪពុកម្តាយ និងអ្នកមើលថែ កុមារ​ និង​សមាជិក​សហគមន៍។ អ្នកនាង Aarti Kapoor បាន​បញ្ជាក់​ថា “យើង​បានដឹង​ឆ្លង​តាមរយៈ​បទពិសោធន៍​ជា​អន្តរជាតិ​មកថា ​ការអប់រំ​ដើម្បី​ទប់ស្កាត់​ការរំលោភ​បំពាន​ផ្លូវភេទ​កុមារ គឺជា​យន្តការ​ទប់ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​សាងភាព​ធន់ទ្រាំ​ទល់នឹង​ការរំលោភបំពាន​នៅក្នុង​សហគមន៍​ងាយ​រងគ្រោះ។ កុមារ និង​មនុស្ស​ធំ​ត្រូវ​ការព័ត៌មាន ជំនាញ និង​​យុទ្ធសាស្រ្ត​ដើម្បី​ការពារ​កុមារ​ពី​ការរំលោភ​បំពាន​ផ្លូវភេទ​គ្រប់​ប្រភេទ​ទាំងអស់ មិនថា​ជា​ការរំលោភ​បំពាន​ដែល​ប្រព្រឹត្ត​ដោយ​មនុស្ស​មិនដែល​ស្គាល់ ជន​បរទេស មនុស្ស​ក្នុង​មូលដ្ឋាន មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​នោះឡើយ”។

អានរបាយការណ៍​ទាំងស្រុង