Child Safe Tourism

September 27, 2011

ភ្ញៀវទេសចរណ៍ និងអាជីវកម្មកេងប្រវ័ញ្ចលើកុមារ

ទីក្រុងបាំងកក ប្រទេសថៃ-ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១១

អ្នកដំណើរ និងអ្នកធ្វើការនៅបរទេសក្នុងប្រទេសថៃយល់ពីស្ថានភាពកុមារក្រីក្រច្បាស់។ កុមារីអាយុ៦ឆ្នាំអង្គុយយ៉ាងស្អាតបាតលើកន្ទេល លាបក្រែបបបូរមាត់យ៉ាងក្រហមស្រស់ ជាមួយនឹងស្ត្រីម្នាក់អង្គុយក្បែរ សុំទាន។ កុមារាអាយុ១២ឆ្នាំ លក់ស្កកៅស៊ូនៅម៉ោង១១យប់ក្នុងតំបន់កំសាន្តរបស់មនុស្សពេញវ័យ។ គេទាក់ទាញអ្នកដោយស្នាមញញឹម និងពាក្យរាក់ទាក់ជាភាសាអង់គ្លេសដ៏ពិរោះ។

ក្នុងស្ថានភាពដ៏ពិបាកទាំងនេះ អ្នកចង់ជួយ នៅពេលដែលក្ដីអាណិត និងភាពឆោតល្ងង់ប្រាប់អ្នកថាពិតជាមានអ្វីមិនស្រួល។ អ្នកចុងក្រោយក៏អាចឲ្យលុយបន្តិចបន្តួច ។ មិនថាអ្នកធ្វើអ្វីនោះទេ អ្នកនឹងមានអារម្មណ៍មិនស្រួលដោយសារអ្នកមិនបានជួយឲ្យមានភាពខុសប្លែកអ្វីឡើយដើម្បីជួយដល់ជីវិតនៃកុមារកំសត់នេះ។ ឥឡូវ សូមបញ្ចូលផ្នែកមួយទៀតទៅក្នុងគំនិតនេះ តើមានរឿងអ្វីកើតឡើង បើមនុស្សបន្ទាប់មកទៀតដែលកុមារទាំងនេះទៅរក ចង់បានអ្វីមួយជាកិច្ចតបស្នងសម្រាប់ប្រាក់៥០បាត របស់ពួកគេ?ក្នុងឱកាសទិវាទេសចរណ៍ពិភពលោក ខ្ញុំសូមជំរុញឲ្យអ្នកចំណាយពេលពិចារណាអំពីឥទ្ធិពលរបស់វិស័យទេសចរណ៍ចំពោះកុមារ និងរបៀបដែលយើងអាចរក្សាសុវត្ថិភាពកុមារ។ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃបន្តរីកចម្រើន បើទោះជាសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។ ក្នុងឆ្នាំ២០១០ មានភ្ញៀវទេសចរជាង១៦លាននាក់មកកាន់ដែនដីនៃស្នាមញញឹមនេះ ហើយអាជ្ញាធរទេសចរណ៍នៃប្រទេសថៃមានបំណងទទួលភ្ញៀវទេសចរឲ្យបាន១៩,៥លាននាក់បន្ថែមក្នុងឆ្នាំ២០១២ ដើម្បីផ្ដល់នូវប្រាក់ចំណូលរួម ១,២ពាន់លានបាតពីវិស័យទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ ច្បាស់ណាស់ វិស័យទេសចរណ៍បន្តជាកម្លាំងជំរុញក្នុងប្រទេសថៃ និងត្រូវតែគ្រប់គ្រងឲ្យបានប្រុងប្រយ័ត្នចំពោះផលប៉ះពាល់សង្គម រួមទាំងកុមារផងដែរ។

នៅពេលដែលឧស្សាហកម្មធ្វើដំណើររីកចម្រើនយ៉ាងខ្លាំង ឱកាសសម្រាប់ការកេងប្រវ័ញ្ចលើកុមារក៏មានសក្ដានុពលកាន់តែខ្លាំងផងដែរ ប្រសិនបើគេមិនត្រួតពិនិត្យឲ្យបានដិតដល់ទេនោះ។ រដ្ឋាភិបាលថៃបានសហការយ៉ាងល្អជាមួយស្ថាប័នពង្រឹងច្បាប់អន្តរជាតិ លើការចងក្រងប្រវត្តិជនល្មើសរំលោភផ្លូវភេទកុមារ។ ប្រទេសថៃបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា និងបន្តទៅមុខជានិច្ចលើផ្នែកការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងទសវត្សចុងក្រោយនេះ។ ក៏ប៉ុន្តែគេនៅតែបន្តរកឃើញករណីទាំងនេះនៅប្រទេសថៃ ក៏ដូចជាប្រទេសជិតខាង។ ទីកន្លែងទាក់ទាញភ្ញៀវទេសចរសំខាន់ៗដូចជាប៉ាតាយ៉ា និងពូកេត មិនត្រឹមតែអូសទាញអ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏អូសទាញកុមារងាយរងគ្រោះផងដែរ។ ពេលដែលវិស័យទេសចរណ៍បន្តរីកចម្រើនយ៉ាងឆាប់រហ័ស យើងមិនអាចបណ្ដោយខ្លួនគិតតែពីពេញចិត្តនោះទេ។

កុមារ និងមនុស្សវ័យក្មេងដែលរស់នៅ និងធ្វើការងារតាមចិញ្ចើមផ្លូវប្រឈមនឹងគ្រោះថ្នាក់ ដោយសារពួកគេទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរ និងលុយរបស់ភ្ញៀវទេសចរទាំងនោះជាងអ្នកដទៃទៀត។ តើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យបរិយាកាសទេសចរណ៍មិនសូវបង្កគ្រោះថ្នាក់ដល់កុមារទាំងនេះ?កិច្ចខិតខំប្រឹងប្រែងជាខ្លាំងពីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិនិង វិស័យឯកជន បានបង្កើនការយល់ដឹង និងទំនួលខុសត្រូវសង្គមក្នុងឧស្សាហកម្មសេវាកម្ម។ ចំណុចនេះគឺជាចំណុចដែលតួនាទីរបស់ភ្ញៀវទេសចរម្នាក់ៗគឺជាប្រការសំខាន់។ សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍គឺជាវិធីដែលអ្នកដំណើរម្នាក់ៗអាចក្លាយជាផ្នែកនៃដំណោះស្រាយចំពោះបញ្ហា។ យើងត្រូវតែធានាថាបរិយាកាសទេសចរណ៍មានលក្ខណៈការពារ និងមានសុវត្ថិភាពសម្រាប់កុមារងាយរងគ្រោះ។ តើសកម្មភាពរបស់អ្នកបង្កើន ឬបន្ថយហានិភ័យចំពោះកុមារនេះយ៉ាងដូចម្ដេច? ដូច្នេះ តើអ្វីទៅជាតួនាទីរបស់ភ្ញៀវទេសចរ?

ជាដំបូងបំផុត យើងត្រូវបញ្ឈប់ការឲ្យកុមារធ្វើការតាមចិញ្ចើមផ្លូវ។ វិធីមួយគឺកាត់បន្ថយកត្តាជំរុញជាលុយកាក់ដែលរក្សាកុមារនៅតាមចិញ្ចើមផ្លូវ ឬធ្វើការងារក្នុងស្ថានភាពគ្រោះថ្នាក់នៅតាមតំបន់ឧស្សាហកម្មទេសចរណ៍។ មានការលើកឡើងថាការឲ្យលុយទៅកុមារសុំទាន ឬមនុស្សដែលសុំទានដោយមានកុមារនៅជាមួយ នឹងរក្សាកុមារឲ្យនៅតាមចិញ្ចើមផ្លូវ។ ប្រហែលជាអ្វីដែលកាន់តែប្រសើរ គឺគេគួរផ្ដល់ការបរិច្ចាគកាន់តែច្រើនទៅអង្គការសប្បុរសធម៌ម្ចាស់ស្រុកដែលជួយកុមារតាមចិញ្ចើមផ្លូវជំនួសវិញ? សម្រាប់ភោជនីយដ្ឋានដែលអនុញ្ញាតឲ្យកុមារីលក់ផ្កាក្នុងបរិវេណរបស់ខ្លួននៅពេលយប់ជ្រៅ ដោយមានអាណាព្យាបាលរង់ចាំនៅខាងក្រៅ ប្រហែលវាដល់ពេលដែលអ្នកត្រូវនិយាយជាមួយម្ចាស់ភោជនីយដ្ឋានហើយ។ ជាជាងការអនុញ្ញាតឲ្យមានការកេងប្រវ័ញ្ចកុមាររបៀបនេះ ភោជនីយដ្ឋានអាចបរិច្ចាគផលចំណេញរបស់ខ្លួនខ្លះ ឬដាក់ប្រអប់បរិច្ចាគសម្រាប់អង្គការជួយកុមារដែលមានការទទួលស្គាល់ ដើម្បីធានាថាកុមារបែបនេះអាចទៅសាលារៀន។ កាន់តែប្រសើរទៅទៀត ភោជនីយដ្ឋានអាចផ្ដល់ឱកាសការងារដល់អ្នកបញ្ចប់ការសិក្សាពីសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបណ្ដុះបណ្ដាលអតីតមនុស្សវ័យក្មេងដែលរស់នៅតាមចិញ្ចើមផ្លូវ សម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច។ មានអាជីវកម្មជាច្រើនដែលបានធ្វើបែបនេះរួចមកហើយ។ សូមជួយគាំទ្រដល់អាជីវកម្មទាំងនោះ។

ការធ្វើការងារស្ម័គ្រចិត្តជាមួយអង្គការម្ចាស់ស្រុកអាចជាគំនិតល្អមួយ។ ក៏ប៉ុន្តែ អ្នកដំណើរត្រូវតែប្រុងប្រយ័ត្នមិនត្រូវទៅជាប់ខ្លួនទាក់ទងនឹងគំនិតដែលចាត់ទុកកុមារជាគ្រឿងអូសទាញភ្ញៀវទេសចរទេ។ ការកើនឡើងនៃ “ទេសចរណ៍តាមមណ្ឌលកុមារកំព្រា” គឺជានិន្នាការដ៏គួរឲ្យបារម្ភមួយ។ អង្គការមានការទទួលស្គាល់ ដែលស្វែងរកអ្នកធ្វើការស្ម័គ្រចិត្តយ៉ាងហោចណាស់គប្បីមាននីតិវិធីអនុវត្តតឹងរឹង និងគោលនយោបាយការពារកុមារច្បាស់លាស់ និងដឹងលឺជាសាធារណៈ ដែលស្របតាមស្តង់ដារសាកល។ កុមារមានសិទ្ធិទទួលបានបរិយាកាសមានស្ថេរភាព និងសន្តិសុខ ពិសេសនៅក្នុងគ្រួសារដែលពួកគេធំធាត់ និងឈានដល់សក្ដានុពលរបស់ពួកគេ។

ជាចុងក្រោយ សូមមានស្មារតីភ្ញាក់រលឹក និងអប់រំខ្លួនឯង។ ចូររក្សាលេខទូរស័ព្ទរបស់ប៉ូលីសទេសចរណ៍ និងបណ្ដាញទូរស័ព្ទទាន់ហេតុការណ៍ការពារកុមារក្នុងទូរស័ព្ទរបស់អ្នក។ តាមរយៈការប្រុងប្រយ័ត្ន និងរាយការណ៍ក្ដីបារម្ភទាក់ទងនឹងការការពារកុមារ ការសន្ទនាអំពីសុវត្ថិភាពកុមារជាមួយសណ្ឋាគារ និងភោជនីយដ្ឋាន និងការជ្រើសរើសសេវាកម្មទេសចរណ៍ដែលគាំទ្រអន្តរកម្មរក្សាសុវត្ថិភាពកុមារ អ្នកអាចជាផ្នែកនៃការកសាងឧស្សាហកម្មទេសចរណ៍កាន់តែមានសីលធម៌បានដោយងាយស្រួល ក្នុងប្រទេសថៃ។ ប្រទេសថៃក៏មានបទពិសោធន៍ដ៏អស្ចារ្យជាច្រើនជូនដល់អ្នកដំណើរ និងអ្នកធ្វើការនៅបរទេស។ ចូរធ្វើការទាំងអស់គ្នាដើម្បីផ្ដល់នូវការរួមចំណែកវិជ្ជមានយូរអង្វែងតបស្នងដល់អ្នកជំនាន់ក្រោយជាមួយសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។

Aarti Kapoor