Child Safe Tourism

November 6, 2013

អ្នក​ទេសចរ​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍អំពាវនាវ​ឲ្យ​មានសកម្មភាពបន្ថែមទៀតលើ​ការ​រក្សាសុវត្ថិភាព​កុមារ​ក្នុង​វិស័យទេសចរណ៍

ទីក្រុង បាងកក ប្រទេសថៃ – ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៣

យោងតាម​របាយការណ៍​ថ្មីមួយ​ចេញដោយ​ ផ្នែក​បង្ការ​របស់គម្រោង​កុមារភាពដែល​ជា​​ការ​ផ្ដួច​ផ្ដើមគំនិតជំនួយ​មនុស្ស​ធម៌​របស់​​ប្រទេស​អូស្ដ្រាលី អនុវត្ដ​ដោយអង្គការ​ទស្សនៈ​ពិភព​លោក​ ក្នុង​​​ភាព​ជា​ដៃ​គូជាមួយសាកលវិទ្យា​ល័យ​ Western Sydney បាន​ឲ្យ​ដឹង​ថា អង្គការ Travellers to South East Asia ចង់ឲ្យ​ឧស្សាហកម្មទេសចរណ៍ធ្វើសកម្មភាព​បន្ថែមទៀត​ដើម្បី​ការពារកុមារពីការ​កេងប្រវ័ញ្ច។ ​

កាលពីឆ្នាំកន្លងទៅ មាន​អ្នក​ទេសចរណ៍​ជាង ៣៦ លាននាក់ បាន​ធ្វើដំណើរ​មកកាន់ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេសថៃ និងប្រទេស​វៀត​ណាម ហើយ​អ្នកទេសចរណ៍​ជាច្រើន​បាន​ជួបជាមួយ​កុមារដែល​កំពុងស្ថិត​ក្នុងស្ថានភាពងាយ​រងគ្រោះ។ ការ​រកឃើញ​សំខាន់ៗ​​របស់​របាយការណ៍ដ៏ថ្មីស្រឡាង​មានចំណង​ជើងថា “អ្នក​ធ្វើដំណើរ​ដែលជួយរក្សា​សុវត្ថិភាព​​កុមារ” ចេញផ្សាយ​នៅក្នុងថ្ងៃនេះ ដើម្បីឲ្យ​ស្រប​ពេល​ជាមួយការ​អង្កេត​ឃើញ​របស់​ទិវា​ទេសចរណ៍​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ពិភពលោក បានចងក្រង​បទពិសោធន៍​​របស់​អ្នក​ដំណើរ ២៧០ នាក់ ​មកពី​បណ្ដា​ប្រទេសចំនួន​ ៣៩ ផ្សេងៗគ្នា។ របាយការណ៍​បានរក​ឃើញ​ថា​៩៥% នៃ​អ្នកធ្វើដំណើរដែលត្រូវបាន​ស្ទាបស្ទង់មតិ​ បាន​ជួបជាមួយកុមារ​ក្នុងមូលដ្ឋាន ហើយ​ អន្តរកម្ម​​ជាច្រើន​ជាមួយ​កុមារបានធ្វើឲ្យអ្នកទេសចរណ៍មានអារម្មណ៍សោក​ស្ដាយ មានកំហុស ព្រួយ​បារម្ភ និងអស់សង្ឃឹម។

Aarti Kapoor ​ជាអ្នកគ្រប់​គ្រង​ផ្នែក​បង្ការ​របស់​គម្រោងកុមារភាព​ក្នុង​អង្គការ​ទស្សនៈពិភពលោក​បានមានប្រសាសន៍ថា “មានការយល់ដឹង​កាន់តែ​ច្រើន​ឡើងៗ​អំពី​ហានិភ័យ​ដ៏គួរ​ឲ្យ​កត់សម្គាល់​ចំពោះកុមារ​​សុំទាន ឬលក់​ឥវ៉ាន់នៅ​តាម​កន្លែងទេសចរណ៍ និង​កុមារ​ដែល​ត្រូវ​បានភ្ញៀវ​​ទៅទស្សនកិច្ច​នៅក្នុងមណ្ឌលថែទាំ​ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទេសចរណ៍ ឬ​បទពិសោធន៍​ “ការងារ​ស្ម័គ្រចិត្ដ”

បីភាគបួននៃអ្នក​ស្ម័គ្រ​ចិត្ដ​ដែល​ត្រូវ​បានសួរសំណួរ ​បាន​ដឹងថា កុមារ​ជួបការ​រំលោភ​បំពាន ឬកេងប្រវ័ញ្ច​ដោយផ្សារភ្ជាប់​ជាមួយការធ្វើដំណើរ និងទេសចរណ៍។ ថ្វីបើអ្នកទេសចរណ៍​ភាគច្រើន​បាននិយាយថា​ ពួកគាត់​ចង់ជួយកុមារ​ដែលប្រឈម​​ហានិភ័យទាំងអស់​នេះក្ដី ប៉ុន្តែ​ការសិក្សា​បានបង្ហាញ​ថា ​អ្នកទេសចរណ៍ជាច្រើន​មាន​ការ​ភ័ន្ដភាំង​មិន​ដឹង​ថា​តើ​មាន​ សកម្មភាព​អ្វីខ្លះ​ដែល​ពួកគាត់​អាច​ធ្វើបាន​ ហើយ​ពួកគាត់​ចង់បាន​​ព័ត៌មាន​បន្ថែមទៀត។

Afrooz Kaviani Johnson នាយក​បច្ចេកទេស​របស់​ផ្នែក​បង្ការ​នៃគម្រោង​កុមារភាពរបស់​អង្គការទស្សនៈពិភពលោក​បាន​មានប្រសាសន៍ថា “ស្របពេលដែល​ទ្វីប​អាស៊ីកំពុង​ឈាន​ឡើង​ដើម្បីទទួល​កំណើន​អ្នក​ទេសចរណ៍​ខ្លាំង​ជាងគេបំផុតនៅ​ទូទាំង​ពិភពលោកក្នុងពីរទសវត្សរ៍​​ខាង​មុខ ជាការ​ចាំបាច់ណាស់ដែល​ត្រូវស្ថាបនា​ទេសចរណ៍​ដែល​មានសុវត្ថិភាព​ចំពោះកុមារ។ ការ​អប់រំ​ដល់​អ្នកធ្វើដំណើរ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ស្ដីពីរបៀបដែល​ពួកគាត់​អាច​ចូល​រួម​វិភាគ​ទាន​គឺជា​ផ្នែក​ដ៏​ចាំបាច់មួយ​នៃការ​កែប្រែទាំងអស់នេះ។”

ការសិក្សា​ក៏​បាន​រកឃើញ​ផង​ដែរ​ថា ព័ត៌មាន​ស្ដីពីការរក្សា​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដោយ​ផ្ទាល់​លើ​ការ​សម្រេចចិត្ដ​របស់​​អុ្នក​ទេសចរណ៍​។ អ្នក​ធ្វើ​ដំណើរ​ដែល​បាន​ដឹង​អំពីការ​រក្សាសុវត្ថិភាពកុមារ​ក្នុងវិស័យទេសចរណ៍​ ច្រើន​តែ​មិន​ផ្ដល់​លុយ​កាក់ទៅឲ្យ​កុមារ​សុំទាន មិនទៅលេង​មណ្ឌលថែទាំកុមារ និងមិនទិញ​ទំនិញ​ពីកុមារ​លក់​តាម​ចិញ្ចើមថ្នល់។

នក​ចូល​រួម​ជាច្រើន​បាន​និយាយថា ពួកគេទំនង​ជានឹង​គាំទ្រ​អាជីវកម្មការធ្វើដំណើរ​ និង​ទេសចរណ៍​ទាំងឡាយណាដែល​ប្រតិបត្ដិការ​នៅក្នុងគោលការណ៍​រក្សាសុវត្ថិភាព​សម្រាប់​កុមារ។ អ្នកទេសចរណ៍​ជាច្រើន​ក៏​បាន​បង្ហាញ​ឲ្យឃើញនូវបំណង​ប្រាថ្នា​ចង់​ឲ្យ​មានជម្រើស​ជា​ច្រើន​ទៀត​សម្រាប់​អ្នកប្រើប្រាស់ ​ដែល​អាច​លើកទឹកចិត្ដ​ពួកគេឲ្យ​ធ្វើដំណើរ​ក្នុងនាមជាអ្នកទេសចរណ៍​ដែល​ជួយ​រក្សា​សុវត្ថិភាព​កុមារ។

Aarti Kapoor អ្នកគ្រប់គ្រង​កម្មវិធីផ្នែក​បង្ការ​របស់គម្រោង​កុមារ​ភាព​នៃអង្គការ​ទស្សនៈ​ពិភពលោកបានបញ្ជាក់ថា “អ្វីដែល ‘អ្នក​ទេសចរណ៍​អាចជួយ​រក្សា​សុវត្ថិភាពកុមារ​ បង្ហាញ​ឲ្យយើង​ឃើញគឺថា យើង​ចាំបាច់​ត្រូវ​ប្រមូលផ្ដុំ ច្របាច់​បញ្ចូលកិច្ចខិត​ខំ​រវាង​អ្នក​ធ្វើដំណើរ ឧស្សាហកម្ម​ទេសចរណ៍ និងរដ្ឋាភិបាល។ អង្គការ​ទេសចរណ៍ជាតិបាន​យល់ព្រមរួចហើយ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​អ្នកទេសចរណ៍ដែលជួយ​រក្សា​សុវត្ថិភាពកុមារ​ ទៅដល់អ្នកទេសចរណ៍ និង​ក្រុមហ៊ុននានា។ យើង​ទាំងអស់គ្នាមាន​តួនាទី​ដើម្បីកែលម្អគុណភាពទេសចរណ៍​ក្នុង​តំបន់ទន្លេ​មេគង្គ និងត្រូវ​ធានា​ឲ្យ​បានថា​ កុមារ​មានសុវត្ថិភាព ហើយកុមារ​ត្រូវ​ទទួល​​បាន​តែ​ផល​ប៉ះពាល់​​វិជ្ជមាន​​ប៉ុណ្ណោះ​ពីកំណើន​ទេសចរណ៍”

អាន របាយការណ៍​ពេញ​លេញ និង​បើកមើល​ infographic ស្ដីពី​ការ​រកឃើញ​សំខាន់ៗ។