Child Safe Tourism

August 5, 2013

ថ្នាក់​ដឹកនាំវិស័យ​ការ​ធ្វើ​ដំណើរ និង​ទេសចរណ៍<br>ចូលរួម​ក្នុងកម្មវិធី​សុវត្ថិភាពកុមារក្នុង<br> វិស័យ​ទេសចរណ៍ថ្នាក់តំបន់ជាលើកដំបូង

ក្រុងបាងកក ប្រទេសថៃ – ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៣

“ការការពារ​កុមារ គឺជាការងារ​របស់​មនុស្សគ្រប់រូប”។ នោះគឺជាសារ​ដែល​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​ម្ចាស់​អាជីវកម្មការ​ធ្វើ​ដំណើរ និង​ទេសចរណ៍ ប្រតិបត្ដិករ និង​អ្នក​គ្រប់​គ្រង​ដែល​បាន​ចូលរួម​នៅ​ក្នុង​សិក្ខារ​សាលាសុវត្ថិភាព​កុមារ​ក្នុង​វិស័យទេសចរណ៍នៅ​សណ្ឋាគារ ​​​ Aloft ក្នុងក្រុង បាងកក កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៣។

កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ត្រូវ​បាន​រៀបចំឡើងដោយ​ផ្នែក​បង្ការ​របស់​ គម្រោង​កុមារ​ភាព ដែល​ជា​ការ​ផ្ដួច​ផ្ដើម​គំនិត​​របស់​រដ្ឋាភិបាល​អូស្ដ្រាលី អនុវត្ដ​ដោយ​អង្គការ​​ទស្សនៈ​​ពិភពលោក​​ដើម្បី​ទប់ស្កាត់​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​​វិស័យ​​​ទេសចរណ៍​ក្នុង​​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេសថៃ និង​ប្រទេស​វៀតណាម។ SKAL អន្ដរ​ជាតិ និង PATA បាន​គាំទ្រកម្មវិធីនេះ។

អ្នក​ចូលរួម​តំណាងឲ្យ​អា​ជី​វកម្មទេសចរណ៍​នៅ​ទូទាំងអនុ​តំបន់ទន្លេមេគង្គ​បានរៀន​សូត្រ​អំពី​បញ្ហា​នាពេលបច្ចុប្បន្នលើការងារការពារ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​បាន​ពិភាក្សា​រក​យុទ្ធសាស្ដ្រ​ថ្មីៗ​ដើម្បីរក្សា​សុវត្ថិភាពកុមារ​ក្នុង​មូលដ្ឋាន​ឲ្យ​រួចផុតពី​ការ​រំលោភ​បំពាន និងការ​កេង​ប្រវ័ញ្ច​។ អ្នក​ចូល​រួម​បាន​ធ្វើលំហាត់​ក្នុងការ​ពិនិត្យ​ប្រកប​ដោយ​ការ​រិះគន់​ លើ​កត្តានានា​​ក្នុង​ បរិស្ថាន​​ទេសចរណ៍​ដែលអាច​ជួយ​ជម្រុញ​ការ​រំលោភ​បំពាន​ឲ្យ​កើត​មានឡើង ក៏​ដូច​ជា​គិត​ពី​​តួនាទី​របស់វិស័យ​ទេសចរណ៍​នៅក្នុង​ការ​កាត់​បន្ថយ​ហានិភ័យនៃ​គ្រោះថ្នាក់​របស់​កុមារ​ឲ្យ​នៅ​ជា​អប្បរមា។

វាគ្មិនដែល​ត្រូវ​បាន​​អញ្ជើញ​ឲ្យ​ចូលរួមគឺលោក Willem Niemeijer សហ​ស្ថានិក និង CEO របស់​ក្រុមហ៊ុន Khiri Travel បាន​និយាយអំពី “ការធ្វើ​ឲ្យ​សហគមន៍​ចូល​រួម​ទទួល​​ធន​ធាន​​ដែល​​វិស័យ​ទេសចរណ៍នាំយក​មក​”។ ជា​រឿយៗ​គេ​តែង​ឃើញ​កុមារក្នុង​​គ្រួសារ​ក្រី​ក្រ ​នៅតាម​តំបន់​ទេសចរណ៍​ដើម្បីសុំ​ទាន ឬលក់ផ្កា និង​វត្ថុ​អនុស្សាវរីយ៍។ តាម​រយៈការ​ផ្ដល់​ឱកាស​​សម្រាប់​​ឪពុកម្ដាយ និងសហគមន៍​ យើង​អាចបញ្ចៀស​​កុំឲ្យកុមារ​មក​​នៅ​តាម​ថ្នល់ និង​កាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់ពួកគេ​ចំពោះ​ការ​រំលោភ​បំពាន។ លោក ​ Niemeijer ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ប្រើប្រាស់ភាសា​ត្រឹមត្រូវ​ដើម្បី​​ចែក​ឲ្យ​ដាច់​រវាងអ្នក​រំលោភ​បំពាន និង​អ្នក​ទេសចរណ៍។ លោក​មាន​ប្រសាសន៍ថា “​យើង​មិន​ត្រូវ​ច្រឡំគ្នា​រវាងពាក្យ ‘ទេសចរណ៍’ ជា​មួយ​ពាក្យ​ឧក្រិដ្ឋកម្ម​នោះឡើយ។ អ្នករំលោភ​បំពាន​កុមារ​ពុំ​មែនជា ‘អ្នកទេសចរណ៍’ ផ្លូវភេទនោះឡើយ ពួកគេគឺជា “ជនល្មើស” ផ្លូវភេទ។

អ្នកចាត់​ការ​ទូទៅ​ប្រចាំ​តំបន់អាស៊ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន​ Intrepid គឺលោក Carl Needham ក៏​ជា​​វាគ្មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​​ចូលរួម​ក្នុងកម្មវិធីនេះ​ផងដែរ។ លោក​បានផ្ដល់​ឧទាហរណ៍​អំពីកម្មវិធី​ដែល​ក្រុមហ៊ុន Intrepid បាន​ដាក់​បញ្ចូល​ការ​អនុវត្ដ​សុវត្ថិភាព​កុមារ​ក្នុង ​វិស័យទេសចរណ៍ ​នៅ​ក្នុង​ប្រតិបត្ដិ​ការ​របស់​ខ្លួន​ដូចជា ការអនុវត្ដគោល​នយោបាយ​ការពារ​កុមារ ការ​គាំទ្រ​សហគ្រាស​នៅ​តាម​សហគមន៍​ និងការ​បណ្ដុះបណ្ដាលបុគ្គលិក​ជា​ដើម។ ការ​បណ្ដុះ​បណ្ដាល​​មគ្គុទេសក៍​ទេសចរណ៍​ដែលជា​ “ប្រជាជនសាមញ្ញ” គឺជាការ​ផ្ដល់​ភាព​អង់អាច​ដល់​ពួកគាត់​​ក្នុងការ​ធ្វើសកម្មភាព​​ជា​វិជ្ជមាន​ និងធ្វើ​ការ​​រាយការណ៍​នៅ​ពេលណា​ដែលពួកគាត់​មើល​ឃើញកុមារណា​ម្នាក់​ប្រឈម​នឹង​គ្រោះថ្នាក់។ អ្នក​នាំ​ផ្លូវ​​ទេសចរណ៍​ ក៏​​បញ្ជូនចំណេះដឹង​ទាំង​អស់​នេះ​ទៅ​ភ្ញៀវ​របស់​ខ្លួនបន្តទៅ​ទៀត។ លោក​ Needham បាន​និយាយថា “​មនុស្ស​ចូលចិត្ត​ធ្វើ​ដំណើរ​ជាមួយ​ក្រុមហ៊ុន​យើង​ ដោយសារតែ​​យើង​មាន​គោលនយោបាយ​ទេសចរណ៍​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​”

អតិថិជន​​កាន់តែ​ច្រើនឡើងៗ ទាមទារចង់បាន​​ទេសចរណ៍​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ហើយអ្នក​ធ្វើដំណើរ​បាន​ប្រើប្រាស់អំណាច​ក្នុងនាម​ជាអ្នកប្រើប្រាស់​របស់​ខ្លួន ដើម្បី​គាំទ្រ​ការ​ទាមទារ​នេះ។ នៅក្នុង របាយការណ៍​ស្រាវជ្រាវ​ ទីផ្សារ​នាពេល​ថ្មីៗ​នេះ ​ធ្វើឡើង​ដោយ​ផ្នែកបង្ការ​របស់​គម្រោង​កុមារ​ភាព ​ដែល​ត្រូវ​បាន​ចែករំលែក​ទៅដល់អ្នក​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាលនោះ អ្នកធ្វើដំណើរ​ដែល​ត្រូវបាន​ស្ទាបស្ទង់​មតិ​ដ៏ច្រើនលើស​លប់រហូត​ដល់ ៩៤.៨ % បាននិយាយថា​គោលនយោបាយរបស់​អាជីវកម្មដើម្បីការពារកុមារ អាច​ជះ​ឥទ្ធិពល​លើការសម្រេចចិត្ដ​ក្នុងការ​ទិញ​សេវារបស់ពួកគេ។

បន្ទាប់ពី​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល អ្នកចូលរួម​មាន​សមត្ថភាព​អាច​យល់បាន​​កាន់តែ​ប្រសើរ​អំពីចំណងទាក់ទង​រវាង​វិស័យទេសចរណ៍ និងការកេងប្រវ័ញ្ចលើកុមារ ព្រមទាំង​មានជំនាញ​​ជាក់ស្ដែង​ដើម្បីអនុវត្ដ​​ជំហ៊ាន​ផ្សេងៗក្នុង​អាជីវកម្មទេសចរណ៍​របស់ខ្លួន ​ដើម្បីឆ្លើយ​តប​ចំពោះកត្តានានាដែល​ធ្វើឲ្យកុមារ​មាន​ភាពងាយរង​គ្រោះចំពោះការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ក្នុង​បរិបទទេសចរណ៍។

ក្រោម​ភាព​ជា​ដៃគូ​ជាមួយ​អង្គការទេសចរណ៍ជាតិ (National Tourism Organisations) ផ្នែក​បង្ការរបស់គម្រោងកុមារភាព ​បាន​រៀបចំវគ្គបណ្ដុះបណ្ដាល​វិស័យទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ ប្រទេសឡាវ ប្រទេសថៃ និងប្រទេស​វៀតណាមដោយ​ប្រើប្រាស់​ភាសា​ជាតិនៃប្រទេស​នីមួយៗ​សម្រាប់​ការ​បណ្ដុះបណ្ដាល​ទាំងនេះ។ សម្រាប់ព័ត៌មានបន្ថែមស្ដីពីការ​បណ្ដុះបណ្ដាល និងប្រភទ​ធនធាន​ដទៃទៀតស្ដី​ពី​អាជីវកម្ម​ប្រកបដោយការ​ទទួលខុសត្រូវ​ សូមបើ​កមើល​ ផ្នែក​ឧស្សាហកម្ម នៅលើគេហទំព័រសុវត្ថិភាព​កុមារ​ក្នុងវិស័យទេសចរណ៍។