Child Safe Tourism

May 16, 2014

UNWTO និង​ អង្គការ​ទស្សនៈ​ពិភពលោក​រួម​កម្លាំង​គ្នា​ប្រយុទ្ធប្រឆាំង​ការកេងប្រវ័ញ្ច​លើកុមារ​ក្នុង​វិស័យ​ទេសចរណ៍

ទីក្រុង​ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ – ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៤។

ដោយសារ​ទេសចរណ៍​បន្ត​លូតលាស់​នៅ​ទូទាំង​សកលលោក ជាពិសេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នោះ​កាន់តែ​មានភាព​បន្ទាន់​ខ្លាំងឡើងៗ​ក្នុងការ​​ពិចារណា​លើ​ផលប៉ះពាល់​របស់​វិស័យ​ទេសចរណ៍​លើ​សហគមន៍​មូលដ្ឋាន ជាពិសេស​នៅពេល​ដែល​ពាក់ព័ន្ធ​ជាមួយ​ការកេងប្រវ័ញ្ច​លើ​កុមារ។ ដោយ​ហេតុ​នេះ​ហើយ​ទើប UNWTO និង ​អង្គការ​ទស្សនៈ​ពិភពលោក​​ការិយាល័យ​ថ្នាក់​​តំបន់​បាន​ចុះ​ហត្ថលេខា​លើអនុស្សារណៈ​នៃ​ការយោគយល់​គ្នា​មួយ ដើម្បី​បង្កើត​ភាព​ជាដៃគូ ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង​ការកេងប្រវ័ញ្ច​​លើ​កុមារ​នៅក្នុង​វិស័យ​ទេសចរណ៍ (ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៤)។

អនុស្សារណៈ​នៃ​ការយោគយល់គ្នា​នេះ​មានបំណង​ពង្រឹង​​កិច្ចសហការ​រវាង UNWTO និង​អង្គការ​ទស្សនៈ​ពិភពលោក​​ដែល​ជា​អង្គការ​មនុស្សធម៌​ អភិវឌ្ឍន៍ និង​តស៊ូ​មតិ​ ដែល​ធ្វើការ​ដើម្បី​ការពារ​កុមារ​ឲ្យរួចផុត​ពី​​ការកេងប្រវ័ញ្ច​ ការជួញដូរ និង​ការរំលោភបំពាន។

វិស័យ​សម្រាប់​កិច្ចសហការ​នាពេល​អនាគត​រវាង UNWTO និង​ WV រួមមាន ការផ្សព្វផ្សាយ​អំពី​ឧបករណ៍ ការអនុវត្ត​ល្អៗ និង​ករណី​សិក្សា​ដើម្បី​គាំទ្រ​ការការពារ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ ដោយរួមមាន​យុទ្ធនាការ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ ដែល​សម្របសម្រួល​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក គាំទ្រ​ដោយ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រទេស​​ឡាវ ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដែល​ផ្តល់​ព័ត៌មាន​ដល់​អ្នកធ្វើ​ដំណើរ​ ស្តីពី​សកម្មភាព​ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ការពារ​កុមារ និងមនុស្ស​​វ័យក្មេង​ពី​ការរំលោភ​បំពាន នៅក្នុង​​ទីកន្លែង​គោលដៅ​ទេសចរណ៍។ យុទ្ធនាការ​នេះ​គឺជា​ផ្នែកមួយនៃ​គម្រោង​កុមារភាព ដែលជា​​ការផ្តួចផ្តើម​គំនិត​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​អូស្រ្តាលី​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​អនុតំបន់​ទន្លេមេគង្គ។

UNWTO បាន​ធ្វើការ​ក្នុង​វិស័យ​ដូចគ្នា​នេះ​ដែរ​តាមរយៈ​បណ្តាញ​ទេសចរណ៍​ពិភពលោក​សម្រាប់​ការការពារ​កុមារ (កាល​ពីមុន​គឺជា​ក្រុម​ការងារ​ដើម្បី​ការពារ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍) អស់រយៈពេល​ជាង ១៥ ឆ្នាំ​កន្លង​មកហើយ។ បណ្តាញ​ដែល​ត្រូវបាន​​បង្កើត​ឡើង​ដើម្បី​ទប់ស្កាត់​រាល់ទម្រង់​នៃ​ការកេងប្រវ័ញ្ច​លើ​កុមារ និង​យុវជន​ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍ បណ្តាញ​នេះ​ដើរតួ​ជា​វេទិកា​សម្រាប់​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ និង​អ្នកដើរតួ​ពាក់ព័ន្ធ​ដទៃទៀត​ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង ​លើកកម្ពស់​ឲ្យ​មាន​ការអនុវត្ត​គោលនយោ​បាយ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ ព្រមទាំង​ការអនុវត្ត​ផ្នែក​អាជីវកម្ម​អនុលោម​ទៅ​​តាម​ក្រម​សីលធម៌​សកល​សម្រាប់​វិស័យ​ទេសចរណ៍​​របស់ UNWTO។

Taleb Rifai អគ្គលេខាធិការ​របស់ UNWTO បាន​មានប្រសាសន៍​ថា “ការលូតលាស់​ក្នុង​វិស័យ​ទេសចរណ៍​នាំមក​នូវ​ឱកាស​ការអភិវឌ្ឍ​ដ៏​មានសារៈ​សំខាន់ ប៉ុន្តែ​ព្រមជាមួយនោះ ​ក៏​​មាន​បញ្ហា​ប្រឈម​ដ៏ធំ​ដែល​ជះ​ឥទ្ធិពល​ដល់​ក្រុម​ងាយរងគ្រោះបំផុត​របស់​សង្គម​ផងដែរ។ កុមារ​ និង​យុវជន​​មាន​ការប្រឈម​មុខ​ជាពិសេស ហើយ​ជាការ​ចាំបាច់​ណាស់​ដែល​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាបន្ទាន់​ ស្តីពី​ការកេងប្រវ័ញ្ច​លើ​កុមារ។ អង្គការ​ទស្សនៈ​ពិភពលោក​ត្រូវបាន​ទទួលស្គាល់​ថា​ជា​ដៃគូ​ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​សកម្ម​មួយ​របស់​បណ្តាញ​ទេសចរណ៍​ពិភពលោក​ ដើម្បី​ការការពារ​កុមារ​របស់ UNWTO ហើយ​យើង​រីករាយ​ណាស់​ដែល​អាច​ចូលរួម​កិច្ចខិតខំ​របស់​យើង​នៅក្នុង​ការប្រយុទ្ធប្រឆាំង​ចំពោះ​ការអនុវត្ត​ដ៏​គ្រោះថ្នាក់ ដូចជា​ការកេងប្រវ័ញ្ច​លើ​កុមារ​ជាដើម”

Warren Climenhaga នាយក​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​សម្រាប់​អន្តរក្រសួង បាន​មាន​ប្រសាសន៍​ថា “ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ អង្គការ​ទស្សនៈ​ពិភពលោក​មាន​កម្មវិធី​ជាច្រើន​ដែល​ធ្វើការ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ពី​ការរំលោភ​បំពាន ការកេងប្រវ័ញ្ច និង​ការជួញដូរ​លើ​កុមារ រួមទាំង​នៅក្នុង​វិស័យទេសចរណ៍​ផងដែរ។ វិស័យ​ទេសចរណ៍​មាន​ការលូតលាស់​យ៉ាង​រហ័ស​នៅក្នុង​តំបន់​នេះ ដែល​នាំ​យកមក​ជាមួយ​នូវ​ឱកាស​ជាច្រើន​ ក៏ដូចជា​ហានីភ័យ​មួយចំនួន​ផងដែរ​សម្រាប់​កុមារ។ ដោយហេតុ​នេះ យើង​ខ្ញុំ​រីករាយ​ចូលរួម​កម្លាំង​ជាមួយ UNWTO នៅក្នុង​វិធីសាស្រ្ត​រួមគ្នា​ប្រកប​ដោយ​និរន្តរភាព​របស់​យើង ដើម្បី​រក្សា​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍”