Child Safe Tourism

December 5, 2013

ទិវា​ការងារ​ស្ម័គ្រចិត្ដអន្ដរជាតិ៖ តើ​ការងារ​ស្ម័គ្រ​ចិត្ដជួយកុមារ ឬបង្កគ្រោះ​ថ្នាក់​ដល់​កុមារ?

សំណេរ​របស់ភ្ញៀវ – Daniela Papi សហស្ថាបនិក​របស់ Learning Service

ខ្ញុំហាក់ដូចជា​បានក្លាយជាអ្នកនាំដំណឹង​អាក្រក់។ អាស្រ័យ​ដោយ ការនិយាយ TEDx របស់​ខ្ញុំស្ដីពីបញ្ហាដែល​មាននៅក្នុងការ​ធ្វើដំណើរ​ដើម្បី​ធ្វើការងារ​ស្ម័គ្រចិត្ និង សំណេរ​ពីមុនៗ​មក​របស់ខ្ញុំលើ​ប្រធាន​បទនេះ ជាច្រើន បច្ចុប្បន្នគេច្រើនតែសុំ​ខ្ញុំ​ឲ្យ​សរសេរ​ពីបញ្ហានានា​ដែលមានក្នុង​វិស័​យ​ការងារស្ម័គ្រចិត្ដ។ ខ្ញុំ​សូម​ចាប់ផ្ដើម​សំណេរ​របស់​ខ្ញុំ​ដោយ​ប្រយោគ​បដិសេធ​មួយឃ្លាគឺ ខ្ញុំ​មិនគិត​ថា​ការងារស្ម័គ្រ​ជាទង្វើអាក្រក់នោះឡើយ។ ខ្ញុំ​មិនគិតថា “អ្នកទេសចរណ៍​ដែលជា​អ្នក​ធ្វើការងារ​ស្ម័គ្រចិត្ដ” គឺជា​មនុស្ស​អាក្រក់ឡើយ។ ម្យ៉ាងទៀតខ្ញុំមិន​គិត​ថា​ ក្រុមហ៊ុន​ផ្ដល់​ការ​ធ្វើ​ដំណើរ​ដើម្បី​ធ្វើការងារ​ស្ម័គ្រចិត្ដគឺជាក្រុមហ៊ុន​អាក្រក់នោះដែរ។ តាមពិតខ្ញុំ​ធ្លាប់​ជា​អ្នក​ទេសចរណ៍​​ប្រភេទនេះ ហើយធ្លាប់ធ្វើការ​ទាំងអស់​ដូច​បាន​រៀបរាប់ខាង​លើ៖ ធ្វើដំណើរ​ជា​អ្នក​ស្ម័គ្រ​​ចិត្ដ​នៅទូទាំង​ពិភពលោក បង្កើត​ក្រុមហ៊ុន​ធ្វើ​ដំណើរ​ដើម្បីផ្ដល់សេវា​ការងារ​ស្ម័គ្រ​ចិត្ដ ហើយ​ក្រោយមក​បាន​ប្រែក្លាយទៅជា​ក្រុមហ៊ុន​អប់រំ​ការអភិវឌ្ឍ ហើយ​បន្ដ​គាំទ្រ​មុខរបរ​របស់​អ្នក​ហ្វឹកហាត់​​ការងារ​ដោយ​មានលក្ខណៈ​ផ្អែកលើ​ការ​ងារស្ម័គ្រចិត្ដនៅក្នុង​គម្រោង​មួយ​ចំនួន​ដែល​ខ្ញុំ​ធ្វើការជាមួយ។

ថ្វីបើខ្ញុំ​មិនគិត​ថា​អ្នកស្ម័គ្រចិត្ដ ឬការងារស្ម័គ្រចិត្ដជា​រឿង “អាក្រក់” ក្ដី ប៉ុន្តែ អ្វីដែល​ខ្ញុំ​គិត​ថា​អាចនឹង​ “អាក្រក់” គឺការអនុវត្ដដែលមនុស្សជាច្រើនបាន​បង្កើតឡើង​ក្នុង​ក្រុមហ៊ុន​ស្ម័គ្រចិត្ដ​មួយ​ចំនួន ឬដំណើរ​ទេសចរណ៍​​ដើម្បី​ធ្វើ​ការងារស្ម័គ្រចិត្ដ​​នោះទៅ​វិញទេ។ ការអនុវត្ដ​ដ៏​គ្រោះថ្នាក់​ជាច្រើនគឺ​ពាក់ព័ន្ធ​ជាមួយការដាក់​កុមារ​ក្នុងស្ថានភាពមិនមាន​សុវត្ថិភាព។

បញ្ហា​សុវត្ថិភាព​កុមារ​ដ៏ធំជាងគេបំផុត​​មួយដែល​ត្រូវបានជម្រុញ​ដោយវិស័យ​ការធ្វើ​ដំណើរ​ដើម្បី​ធ្វើការងារ​​ស្ម័គ្រចិត្ដ គឺ​កំណើនការស្ម័គ្រចិត្ដនៅក្នុង “​មណ្ឌលកុមារ​កំព្រា” និង​ទេសចរណ៍​ទៅកាន់ “មណ្ឌលកុមារកំព្រា”។ សម្រាប់​អ្នកទាំងឡាយ​ណាដែល​ពុំ​សូវ​បាន​ធ្វើ​ដំណើរ​​ច្រើន​ទៅកាន់​ទីផ្សារ​ដែលកំពុង​លេចធ្លោឡើង​ដូចជា ប្រទេសកម្ពុជា ប្រទេស Ghana ប្រទេសនេប៉ាល់ ឬប្រទេស Uganda ជាដើម​នាពេល​ថ្មីៗនេះ អ្នកប្រហែលជាមើល​ឃើញថា​គំនិត​​ស្ដីពី “ទេសចរណ៍​ទៅកាន់​មណ្ឌលកុមារកំព្រា” គឺជាទង្វើ​គួរ​ឲ្យ​រង្គៀសចិត្ត អ្នក​ពិត​ជា​សួរ​ថា តើនរណាដែល​អនុញ្ញាត​ឲ្យ​មណ្ឌលកុមារ​កំព្រាក្លាយជាកន្លែងសំចតសម្រាប់ទេសចរណ៍​នោះ? ប៉ុន្ដែ សម្រាប់អ្នកដែលធ្លាប់ធ្វើដំណើរ​ទៅកាន់តំបន់ទាំងអស់នេះ ឬបាន​​សម្លឹង​រក​មើល​វិស្សមកាល​ដើម្បី​ធ្វើការងារ​​ស្ម័គ្រចិត្ដ​​នាពេលថ្មីៗ​នេះ​អ្នកពិតជាបានដឹងអំពីអត្រា​រីករាលដាល​ នៃ​ទស្សនកិច្ចទៅកាន់ “មណ្ឌលកុមារ​កំព្រា” នៅក្នុង​ទីផ្សារ​ “ការធ្វើដំណើរ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ” នាពេលបច្ចុប្បន្ន។

តាមធម្មតាការនាំយក​អ្នកស្ម័គ្រចិត្ដ ឬអ្នកទេសចរណ៍រយៈពេល​ខ្លីដោយ​​ពុំបាន​ទទួល​ការ​បណ្ដុះបណ្ដាល និងពុំមាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​​ ក្នុងរយៈពេល​តែ​ប៉ុន្មាន​ម៉ោង ប៉ុន្មានថ្ងៃ ឬ​ប៉ុន្មាន​ខែ​ទៅក្នុង​ផ្ទះ​របស់កុមារងាយរងគ្រោះ អាច​ជាការ​បើកច្រកទៅកាន់បញ្ហាជាច្រើន ដូចជា៖

  • ការ​បំបែកកុមារ​ចេញពីគ្រួសារ​របស់ខ្លួន៖ អង្គការ UNICEF បានចេញ​របាយការណ៍​បង្ហាញអំពីព័ត៌មានដែល​បញ្ជាក់ថា​ កុមារភាគច្រើនដែល​រស់នៅក្នុងមណ្ឌល​ថែទាំ​​នៅ​មាន​​ឪពុក ឬម្ដាយ ឬ​មានទាំងឪពុក និងម្ដាយ​នៅរស់។ ក្នុងប្រទេសកម្ពុជា​គេបាន​ប៉ាន់​ប្រមាណ​​ថា ៧៦% នៃកុមារ​រស់នៅក្នុង​មណ្ឌលថែទាំ​កុមារ មានយ៉ាងហោចណាស់​ក៏ម្ដាយ ឬឪពុកនៅរស់។ ថ្វីបើសន្ធិសញ្ញាស្ដីពីសិទ្ធិកុមារ​បញ្ជាក់​ថាកុមារ​ពុំគួរត្រូវ​បាន​បំបែក​​ចេញដោយ​មិនចាំបាច់ពីឪពុកម្ដាយ ហើយ​ការថែទាំ​នៅ​តាម​ផ្ទះ​គឺជាជម្រើស​ល្អ​បំផុត​របស់កុមារក្ដី ជា​រឿយៗឪពុកម្ដាយ​ត្រូវបាន​លើកទឹកចិត្ដ​ឲ្យ​បោះបង់កូន​របស់ខ្លួន​ដោយ​ពួកគាត់​ជឿជាក់ថា​ កូននឹងបានទទួលឱកាសកាន់តែ​​ប្រសើរ​ ប្រសិនបើពួកគេ​បាន​នៅក្នុង​មណ្ឌល​កុមារ​កំព្រា។
  • ទឹកចិត្ដដក់ជាប់​ដែល​នឹករលឹក​គ្នាទៅវិញទៅមក៖ ភាព​មិនស៊ីសង្វាក់គ្នានៃ​ចំណង​ទាក់ទង​ដែល​ត្រូវ​បាន​បង្កើតឡើងដោយការ​ចេញចូល​របស់ភ្ញៀវ និងអ្នកស្ម័គ្រ​ចិត្ដ​ អាច​បង្ក​បញ្ហា​ រយៈពេល​វែងសម្រាប់​កុមារ​ក្នុងការ​បង្កើតទំនាក់ទំនង​ប្រកបដោយ​សុខភាពល្អ។
  • អំពើ​ពុករលួយ៖ មានរបាយការណ៍​​បង្ហាញ​ថា មណ្ឌលកុមារ​កំព្រាមួយ​ចំនួន​​ត្រូវបាន​គេ​ដំណើរការ​ជា​កន្លែង​ធ្វើអាជីវកម្មរកកម្រៃ​ ហើយម្ចាស់មណ្ឌល​ខិលខូច​មួយ​ចំនួន​បាន​រក្សា​លក្ខខណ្ឌឲ្យ​នៅក្រោម​កម្រិត​ស្ដង់ដារ​ដោយ​ចេតនា​ ដើម្បីទាក់​ទាញ​​ឲ្យ​មាន​ការ​បរិច្ចាគ​កាន់តែ​ច្រើន។
  • ការកេងប្រវ័ញ្ចលើកុមារ៖ កុមារ​ត្រូវ​បានគេចាត់ទុកដូចជា វត្ថុសម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍។ ជារឿយៗ ​កុមារ​ត្រូវ​បានទាញ​ចេញពីសាលារៀនឲ្យមក​ថត​រូប​ និង​សម្ដែង​សម្រាប់អ្នកទេសចរណ៍​មើល។ កុមារមួយចំនួន​ ថែមទាំងត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​នៅ​តាម​ថ្នល់រហូត​ដល់​​យប់​ជ្រៅ​ ដើម្បីអញ្ជើញ​​អ្នក​ទេសចរណ៍​ឲ្យ​មកទស្សនា​មណ្ឌល​កុមារ​កំព្រា។
  • ហានិភ័យនៃ​ការរំលោភបំពានផ្លូវភេទ៖ ពេលដែល​ពុំមាន​ការ​ត្រួតពិនិត្យ​សាវតា​របស់​ភ្ញៀវ និងអ្នកស្ម័គ្រចិត្ដ ហើយ​ទំនាក់ទំនងរបស់ពួកគេជាមួយកុមារ​មិនត្រូវ​ស្ថិត​ក្រោម​ការ​មើល​ខុសត្រូវពីនរណាម្នាក់ កុមារ​ត្រូវប្រឈម​ហានិភ័យ​កាន់តែខ្ពស់ចំពោះការ​រំលោភ​បំពាន។

មានក្រុមជាច្រើន​ដែល​បានចង្អុលបង្ហាញអំពីរឿង​ដ៏គួរ​ឲ្យ​បារម្ភ​នេះ។ Hope and Homes for Children, Tourism Concern, Uniting for Children, Orphanages.no និងយុទ្ធនាការ “កុមារ​ពុំមែន​ជា​ឧបករណ៍​ទាក់ទាញ​អ្នក​ទេសចរណ៍” បស់​អង្គការ Friends International ក៏បាន​ផ្សព្វផ្សាយ​ពាក្យសម្ដី​ទាំងអស់នេះដែរ… ប៉ុន្តែ​អ្នកក៏​អាច​ជួយ​បាន​ផងដែរ។

បញ្ហាបែប​នេះជាច្រើនត្រូវ​បានជម្រុញ​មួយ​ផ្នែក​ដោយសារ​ចេតនាល្អ ពោលគឺ​ដោយ​មនុស្ស​ដែលចង់ជួយពិតប្រាកដ ហើយ​ពួកគេ​ត្រូវ​បាន​បញ្ចុះបញ្ចូល​ឲ្យជឿ​ថា​ ការផ្ដល់ពេលវេលា និងប្រាក់​របស់​ខ្លួនទៅឲ្យ​មណ្ឌល​កុមារ​កំព្រាគឺជា​វិធីដ៏ល្អ​បំផុត​ដើម្បីជួយ។ ​ដោយ​ហេតុ​នេះ​​ជាការ​ចាំបាច់​ណាស់ដែល​អ្នកត្រូវ​ស្រាវជ្រាវ និងប្រាកដ​ក្នុង​ចិត្ដថា​ចេតនាល្អ​របស់​អ្នក​មិនបង្កគ្រោះថ្នាក់​កាន់តែច្រើនឡើង​ថែមទៀតនោះឡើយ។ ប្រសិន​បើ​មនុស្ស​កាន់តែច្រើន​ជ្រើសរើសគាំទ្រ​អង្គការ​ទាំងឡាយ​ដែល​ជួយ​ឪពុកម្ដាយ​ឲ្យ​ថែទាំ​កូនរបស់ខ្លួន ឬអង្គការដែល​ចាប់ផ្ដើម​ដោយ​វិធី​សាស្ដ្រ​ថែទាំ​​ក្នុង​គ្រួសារ​នោះយើង​អាច​ផ្ដល់ដំណោះស្រាយ​ដ៏​មាន​អត្ថប្រយោជន៍ និង​មាន​និរន្ដរភាព​សម្រាប់​​បញ្ហា​ទាំងអស់នេះ​នៅទូទាំង​ពិភពលោក។

Learning Service ជាក្រុមតស៊ូមតិ​មួយ​ដែល​ខ្ញុំ​បាន​ជួយបង្កើត មានវីដេអូ​ជាច្រើន​ស្ដីពី គន្លឹះ​សម្រាប់​ការធ្វើដំណើរ​​ដើម្បី​ធ្វើការងារស្ម័គ្រ​ចិត្ដ ម​ទាំង​វីដេអូមួយ​ស្ដីពី “ទេសចរណ៍ទៅកាន់​មណ្ឌល​កុមារ​កំព្រា” ផងដែរ។

សម្រាប់ព័ត៌មាន​បន្ថែម​ទៀត​ស្ដីពី​ហានិភ័យ​ចំពោះ​កុមារតាមរយៈ “ទេសចរណ៍​ទៅកាន់​មណ្ឌល​កុមារ​កំព្រា” សូមបើក​មើល នៅទីនេះ