Child Safe Tourism

November 6, 2012

អ្នកដំណើរក្នុងតំបន់អាស៊ីអាគ្នេយ៍ចង់ទទួលបានការ<br>អប់រំពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍

ទីក្រុងបាំងកក ប្រទេសថៃ-ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២

ភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម និងធ្វើដំណើរក្នុងតំបន់នេះ ចង់ទទួលការអប់រំឲ្យកាន់តែប្រសើរអំពីសុវត្ថិភាពកុមារក្នុងវិស័យ​ទេសចរណ៍។ នេះបើតាមរបាយការណ៍ចេញដោយគម្រោងកុមារភាព ផ្នែកបង្ការ ដែលជាគំនិតផ្ដួចផ្ដើម​នៃ​ទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលអនុវត្តដោយអង្គការទស្សនៈពិភពលោក។

របាយការណ៍ “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ៖ ឥរិយាបថរបស់ភ្ញៀវទេសចរ” ដែលបានចេញ​ផ្សាយនៅថ្ងៃនេះស្របគ្នានឹងការប្រារព្វទិវាទេសចរណ៍ពិភពលោក បង្ហាញនូវលទ្ធផលនៃការស្ទាបស្ទង់មតិតាមអ៊ីនធឺណេតលើអ្នកដំណើរ ដែលសុំឲ្យ​អ្នក​ដំណើរដែលធ្វើដំណើរថ្មីៗមកកាន់តំបន់អាស៊ី​អាគ្នេយ៍ចែករំលែកនូវបទពិសោធន៍របស់ពួកគេចំពោះអន្តរកម្មជាមួយកុមារ និងការយល់ដឹងពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ 

លើសពីពាក់កណ្ដាល (៥៧,%) នៃអ្នកចូលរួមការស្ទាបស្ទង់មតិជ្រើសរើសដោយខ្លួនឯងលើសពី៣០០នាក់ មកពីប្រទេស៣៧ប្រទេស បានបង្ហាញថាពួកគេបានឃើញស្ថានភាពដែលពួកគេ​យល់ថាទាក់ទងនឹងការកេងប្រវ័ញ្ច ឬរំលោភបំពានលើកុមារ នៅពេលពួកគេធ្វើដំណើរនៅក្នុងតំបន់​នេះ។ ហើយ ៨៤,%នៃអ្នកចូលរួមការស្ទាបស្ទង់មតិលើកឡើងថាពួកគេចង់ដឹងបន្ថែមពីរបៀបការពារ​កុមារ និងបង្ការការកេងប្រវ័ញ្ចនៅពេលពួកគេធ្វើដំណើរ។ 

បើទោះជាការកើនឡើងយ៉ាងលឿននៃវិស័យទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍មានឥទ្ធិពលសេដ្ឋកិច្ច​យ៉ាងសំខាន់ដល់តំបន់នេះ ក៏វាបានបង្កើតនូវកត្តាអូសទាញដែលនាំឲ្យកុមារ និងគ្រួសាររបស់​ពួកគេបោះបង់នូវជីវភាពប្រពៃណី ដើម្បីស្វែងរកប្រាក់ចំណូលក្នុងតំបន់គោលដៅទេសចរណ៍ ដែលធ្វើ​ឲ្យពួកគេងាយប្រឈមនឹងការកេងប្រវ័ញ្ច និងរំលោភបំពាន” នេះជាសម្ដីរបស់លោកស្រី Aarti Kapoorអ្នកគ្រប់គ្រងកម្មវិធីនៃគម្រោងកុមារភាព ផ្នែកបង្ការ សម្រាប់អង្គការទស្សនៈពិភពលោក។ 

បើទោះជាភ្ញៀវទេសចរជាច្រើនមានការយល់ដឹងពីស្ថានភាពកេងប្រវ័ញ្ចកុមារក្នុងតំបន់​គោលដៅទេសចរណ៍ដែលពួកគេទស្សនា លទ្ធផលការស្ទាបស្ទង់មតិបង្ហាញថាអ្នកចូលរួមភាគច្រើនយល់ថាពួកគេមិនដឹងពីជំហានដែលត្រូវធ្វើដើម្បីនាំមកនូវភាពខុសប្លែក
ដើម្បីរក្សាសុវត្ថិភាពកុមារ។ ភ្ញៀវទេសចរជាច្រើនបង្ហាញពីក្ដីបារម្ភជាខ្លាំងចំពោះកុមារងាយរងគ្រោះ ក្នុងបទពិសោធន៍ធ្វើដំណើររបស់ពួកគេ និងបញ្ជាក់ថាការដែលអាជីវកម្មមានគោលនយោបាយសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍នឹង​ជះផលប៉ះពាល់ជាវិជ្ជមានលើជម្រើសប្រើប្រាស់របស់ពួកគេនៅវិស្សមកាល។ 

បើតាមការសិក្សានេះ ភ្ញៀវទេសចរចង់ និងត្រូវការព័ត៌មានបន្ថែមស្ដីពីឥរិយាបថសុវត្ថិភាពកុមារ​សមស្រប និងការយល់ដឹងកាន់តែស៊ីជម្រៅពីអត្ថន័យនៃសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍។ លទ្ធផល​សំខាន់ៗផ្សេងទៀតបង្ហាញថា ភ្ញៀវទេសចរជាទូទៅមានក្ដីបារម្ភពីសុខុមាលភាពនៃកុមារក្នុងតំបន់​នេះ និងទទួលផលប៉ះពាល់ជាខ្លាំងពីបទពិសោធន៍ទាំងវិជ្ជមាន និងអវិជ្ជមានដែលពួកគេមានជាមួយ​កុមារក្នុងប្រទេសដែលពួកគេទស្សនា។ 

ក្នុងភាពជាដៃគូជាមួយស្ថាប័នទេសចរណ៍ថ្នាក់ជាតិ និងវិស័យទេសចរណ៍ គម្រោងកុមារភាព ផ្នែកបង្ការកំពុងធ្វើការងារដើម្បីកសាងបរិយាកាសរក្សាសុវត្ថិភាពកុមារតាមរយៈយុទ្ធនាការ “សុវត្ថិភាព​កុមារក្នុងវិស័យទេសចរណ៍”
សម្រាប់ភ្ញៀវទេសចរ និងអ្នកដំណើរ ក៏ដូចជាតាមរយៈការផ្ដល់ការបណ្ដុះ​បណ្ដាលសម្រាប់វិស័យទេសចរណ៍ឲ្យ
អនុវត្តអាជីវកម្មរក្សាសុវត្ថិភាពកុមារ។ លទ្ធផលពីរបាយការណ៍នេះកំពុងបង្ហាញពីការអភិវឌ្ឍនៃកម្មវិធីទាំងនេះ។ 

“កុមារធ្វើការក្នុងតំបន់គោលដៅទេសចរណ៍ងាយរងគ្រោះដោយការកេងប្រវ័ញ្ច និងការរំលោភបំពាន” នេះជាសម្ដីប្រធានបច្ចេកទេស Afrooz Kaviani Johnson។ ​“យើងសង្ឃឹមថាភាគីពាក់ព័ន្ធក្នុង​​​វិស័យទេសចរណ៍នឹងប្រើប្រាស់ព័ត៌មាននេះដើម្បីយល់ឲ្យកាន់តែច្បាស់ពីរបៀបដែលភ្ញៀវរបស់ពួកគេ​យល់ឃើញពីកុមារងាយរងគ្រោះក្នុងតំបន់គោលដៅទេសចរណ៍ និងយល់ពីសារៈសំខាន់នៃការអនុវត្ត​ អាជីវកម្មរក្សាសុវត្ថិភាពកុមារ ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះ។”

ទាញយក

របាយការណ៍ទាំងស្រុង នៃ “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ៖ ឥរិយាបថរបស់​ភ្ញៀវទេសចរ” អាចទាញយកបាននៅទីនេះ