Child Safe Tourism

September 26, 2011

ទិវាទេសចរណ៍ពិភពលោក ៖ “ចូរធ្វើសកម្មភាពបន្ថែមដើម្បីការពារកុមារក្នុងតំបន់<br>អាស៊ីអាគ្នេយ៍ពី​ការកេងប្រវ័ញ្ចផ្លូវភេទ”

ទីក្រុងបាំងកក ប្រទេសថៃ-ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១១

ទីភ្នាក់ងារជំនួយអន្តរជាតិអង្គការទស្សនៈពិភពលោកបានព្រមានថានៅពេលដែលឧស្សាហកម្មទេសចរណ៍នៃតំបន់អាស៊ីអាគ្នេយ៍
រីកចម្រើនយ៉ាងខ្លាំងជាមួយនឹងកំណើនដ៏ច្រើននៃអត្រាមកទស្សនា មានកិច្ចការកាន់តែច្រើនដែលត្រូវធ្វើដើម្បីការពារកុមារងាយរងគ្រោះ
ពីការកេងប្រវ័ញ្ចផ្លូវភេទដោយអ្នកដំណើរ។

ការព្រមាននេះ ដែលចេញផ្សាយនៅពេលដែលពិភពលោកប្រារព្វទិវាទេសចរណ៍ពិភពលោក (ថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកញ្ញា) បានលេចជារូបរាងនៅពេលដែលព័ត៌មានចុងក្រោយបំផុតពីប្រទេសដូចជាប្រទេសថៃ បង្ហាញកំណើនចំនួនមកទស្សនាក្នុងអត្រាប្រចាំឆ្នាំ២៦% (អ្នកទស្សនាចំនួន ១១,១៧លាននាក់) ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១១។ សូម្បីប្រទេសដែលពីមុនគេមិនសូវស្គាល់ដូចជាប្រទេសឡាវ បានទទួលអ្នកទស្សនា២,៥លាននាក់កាលពីឆ្នាំមុន គឺស្រដៀងគ្នានឹងប្រទេសកម្ពុជាដែរ រីឯប្រទេសវៀតណាមបានទទួលអ្នកទស្សនាចំនួន៥លាននាក់។

អង្គការទស្សនៈពិភពលោកបានឲ្យដឹងថាបើទោះជាមានកំណើនចំនួនអ្នកមកទស្សនា និងផលវិបាកផ្ដល់គ្រោះថ្នាក់ដល់កុមារ ក៏អង្គការនេះជឿថាភ្ញៀវទេសចរប្រកបដោយទំនួលខុសត្រូវគឺជាផ្នែកនៃដំណោះស្រាយ។ បច្ចុប្បន្ន ទីភ្នាក់ងារនេះកំពុងព្យាយាមចុះបញ្ជីភ្ញៀវទេសចរក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឃ្លាំមើលសម្រាប់សុវត្ថិភាព និងការការពារកុមារនៅពេលពួកគេធ្វើដំណើរមកកាន់តំបន់នេះ ហើយទីភ្នាក់ងារនេះនឹងសុំឲ្យឧស្សាហកម្មធ្វើដំណើរ និងប្រតិបត្តិករទេសចរណ៍ចូលរួមក្នុងការបង្កើតនូវ បរិយាកាស “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” ។ គោលបំណងគឺដើម្បីធ្វើឲ្យប្រព័ន្ធអេកូទេសចរណ៍ទាំងមូលកាន់តែមានសុវត្ថិភាពសម្រាប់កុមារងាយរងគ្រោះក្នុងប្រទេសម្ចាស់ផ្ទះ។

រដ្ឋាភិបាលនៃប្រទេសតំបន់ទន្លេមេគង្គបានបញ្ចេញការប្ដេជ្ញាដ៏ខ្លាំងក្លាដើម្បីបញ្ចប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ពិសេសតាមរយៈការប្រុងប្រយ័ត្នចំពោះជនល្មើសបរទេស។ ក្នុងកិច្ចបន្តគាំទ្រដំណើរការនេះ អង្គការទស្សនៈពិភពលោកជឿជាក់ថា វិធីសាស្ត្រ “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” គាំទ្រដល់គោលបំណងរបស់រដ្ឋាភិបាលនៃប្រទេសតំបន់ទន្លេមេគង្គដែលស្វាគមន៍អ្នកមកទស្សនាប្រទេសខ្លួន ព្រមទាំងធានាដល់សុវត្ថិភាពរបស់កុមារម្ចាស់ស្រុក។

អ្នកគ្រប់គ្រងផ្នែកសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍របស់អង្គការទស្សនៈពិភពលោក លោកស្រី Aarti Kapoor
បានមានប្រសាសន៍ថា ៖ “សូមអរគុណដល់សកម្មជនបៃតងដែលធ្វើឲ្យភ្ញៀវទេសចរបានយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់នៃ
វិស័យទេសចរណ៍លើបរិស្ថាន និងធ្វើឲ្យអាជីវកម្មទេសចរណ៍ចូលរួមក្នុងការថែរក្សាបរិស្ថាន។ យើងត្រូវការវិធីសាស្ត្រដូចគ្នានេះចំពោះការការពារកុមារ។ ភ្ញៀវទេសចរត្រូវប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់ពួកគេដែលអាចធ្វើឲ្យកុមារប្រឈមនឹងគ្រោះថ្នាក់ និងធ្វើយ៉ាងណាឲ្យអាជីវកម្មទេសចរណ៍
មានសុវត្ថិភាពសម្រាប់កុមារ។”
ក៏ប៉ុន្តែ លោកស្រីបានមានប្រសាសន៍ថាបញ្ហានេះមានភាពស្មុគស្មាញ និងចាំបាច់ត្រូវការឲ្យវិស័យជាច្រើនធ្វើការរួមគ្នា។

អង្គការទស្សនៈពិភពលោកនឹងធ្វើការជាមួយទីភ្នាក់ងារដទៃទៀត និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងអាជីវកម្មទាក់ទងនឹងទេសចរណ៍ ដើម្បីលើកកម្ពស់ “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” និងដើម្បីធ្វើឲ្យមនុស្សម្នាយល់ដឹងពីហានិភ័យដែលកុមារកំពុងប្រឈម និងចូលរួមទទួលខុសត្រូវចំពោះផលប៉ះពាល់នៃការធ្វើដំណើរផ្ទាល់ខ្លួនរបស់ពួកគេ។

ភាពផ្សំគ្នានៃកត្តាជាច្រើននាំឲ្យកុមារប្រឈមនឹងគ្រោះថ្នាក់ក្នុងប្រទេសនៃតំបន់ទន្លេមេគង្គ ៖ ក្ដីអស់សង្ឃឹមបណ្ដាលមកពីភាពក្រីក្រ និងការទាត់ចេញពីសង្គម វប្បធម៌ចាស់តែត្រូវធ្វើទំនើបកម្មដែលម្ដាយឪពុកមិនយល់ពីការចង់ដឹងចង់ស្គាល់របស់មនុស្សវ័យក្មេងអំពីបញ្ហាផ្លូវភេទ និងហានិភ័យដែលកូនរបស់ពួកគេប្រឈមមុខ និងបច្ចេកវិទ្យាវីដេអូ អ៊ីនធឺណេត និងទូរស័ព្ទដៃដែលអនុញ្ញាតដល់ការកើនឡើងនៃរូបភាពអាសអាភាស អូសទាញឲ្យមនុស្សវ័យក្មេងចូលរួមក្នុងសកម្មភាពផ្លូវភេទប្រកបដោយគ្រោះថ្នាក់ និងអនុញ្ញាតឲ្យជនល្មើសរំលោភផ្លូវភេទកុមារបានជួបកុមារតាមបន្ទប់ជជែក និងល្បែងកំសាន្តតាមអ៊ីនធឺណេត។

កុមារក៏ក្លាយជាងាយរងគ្រោះនៅពេលពួកគេរត់ចេញពីផ្ទះក្រីក្រ រងការរំលោភបំពាន និងបែកបាក់ទំនាក់ទំនង និងរស់នៅតាមចិញ្ចើមផ្លូវនៅតាមកន្លែងដូចជាឆ្នេរកំសាន្តប៉ាតាយ៉ានៃប្រទេសថៃ ឬសៀមរាបនៃប្រទេសកម្ពុជាដែលជាទីតាំងរបស់ប្រសាទអង្គរវត្ត ដែលជាកន្លែងដែលពួកគេប្រឈមនឹងគ្រោះថ្នាក់។

លោកស្រីKapoorបានមានប្រសាសន៍ថាមានគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីបញ្ចប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនាំមកនូវលទ្ធផលល្អបានមួយចំនួន។ ដើម្បីឆ្ពោះទៅរកគន្លឹះឈានទៅបញ្ចប់ការរំលោភបំពាននេះ គឺត្រូវបង្កើនអំណាចដល់កុមារ និងគ្រួសាររបស់ពួកគេ ជួយរដ្ឋាភិបាលនៃប្រទេសតំបន់ទន្លេមេគង្គឲ្យពង្រឹងប្រព័ន្ធការពារកុមាររបស់ពួកគេ និងធ្វើឲ្យភ្ញៀវទេសចរកាន់តែយល់ដឹងពីគ្រោះថ្នាក់ចំពោះកុមារ។ បើទោះជាការឃាត់ខ្លួនជនល្មើសរំលោភផ្លូវភេទកុមារមានសារៈសំខាន់ក្នុងការបញ្ចប់វប្បធម៌គ្មានទោស ក៏ការកសាងបរិយាកាសការពារសម្រាប់កុមារពិតជាវិធីសាស្ត្រប្រកបដោយនិរន្តរភាពបំផុតដើម្បីជួយកុមារងាយរងគ្រោះ។

លោកស្រី Kapoorបានមានប្រសាសន៍ថា ៖ “ការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ ត្រូវតែផ្ដោតលើការដាក់បញ្ចូលភ្ញៀវទេសចរឲ្យក្លាយជាផ្នែកនៃដំណោះស្រាយ។ នេះជាអត្ថន័យសំខាន់របស់ “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍”។ អ្នកដំណើរប្រកបដោយទំនួលខុសត្រូវមានអន្តរកម្មជាមួយកុមារក្នុងតំបន់គោលដៅជារៀងរាល់ថ្ងៃ។ ឧទាហរណ៍ ការឲ្យលុយទៅកុមារសុំទាន ឬលក់ប័ណ្ណប្រៃសនីយ៍ក្នុងស្រុកដែលគ្មានសុវត្ថិភាពអាចមើលទៅជាវិធីដ៏ល្អក្នុងការជួយ ប៉ុន្តែវាធ្វើឲ្យកុមារបន្តនៅតាមចិញ្ចើមផ្លូវ ដែលពួកគេប្រឈមខ្លាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទ។”

ភ្ញៀវទេសចរមានអំណាចជាអតិថិជនដើម្បីជះផលប៉ះពាល់លើសេវាកម្មដែលផ្ដល់ដោយឧស្សាហកម្មធ្វើដំណើរ សណ្ឋាគារ និងភោជនីយដ្ឋាន និងធានាថាអាជីវកម្មរបស់ពួកគេមិនអនុញ្ញាតដល់ការអនុវត្តដែលធ្វើបាបកុមារ ឬធ្វើឲ្យកុមារប្រឈមនឹងគ្រោះថ្នាក់។ 

របៀបក្លាយខ្លួនជាភ្ញៀវទេសចរដែលរក្សាសុវត្ថិភាពកុមារ

១. សកម្មភាពរបស់អ្នក- កុំលើកទឹកចិត្តដល់ការប៉ះពាល់រាងកាយកុមារ ឬនាំកុមារទៅកន្លែងណាមួយដោយគ្មានអ្នកទៅជាមួយ។ បើអ្នកឃើញអ្វីដែលគួរឲ្យសង្ស័យ ចូររាយការណ៍ពីរឿងនោះ។
២. ការរួមចំណែករបស់អ្នក- ចូលរួមចំណែកដល់ការការពារកុមារតាមរយៈអង្គការម្ចាស់ស្រុកដែលមានការទទួលស្គាល់ ជាជាងការឲ្យលុយដោយផ្ទាល់ទៅកុមារដែលសុំទាន។
៣. រដ្ឋាភិបាលរបស់អ្នក- តើរដ្ឋាភិបាលរបស់អ្នកកំពុងធ្វើអ្វីចំពោះជនល្មើសរំលោភផ្លូវភេទកុមារដែលធ្វើដំណើរទៅរំលោភបំពានលើកុមារ?